ចិន៖រដ្ឋាភិបាលនៃមហាអំណាចចិន បានបង្កើតក្រុមអ្នកជំនាញផ្នែកវិទ្យាសាស្ត្រ សម្រាប់ការអភិវឌ្ឍវិស័យមនុស្សយន្ត និងបញ្ញាសិប្បនិមិត្តដែលមានរាងកាយ ជាលើកដំបូងសម្រាប់ប្រទេសចិន ដោយផ្តោតលើការជម្រុញឱ្យអភិវឌ្ឃលក្ខខណ្ឌកំណត់ស្ដង់ដារជាប្រព័ន្ធ ក្នុងវិស័យមនុស្សយន្ត និងបញ្ញាសិប្បនិមិត្ត។ក្រុមអ្នកជំនាញ ស្ថិតនៅក្រោមការគ្រប់គ្រងពី ក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យា (MIIT) ប្រទេសចិន។
លោក Cheng Hao សមាជិកគណៈកម្មាធិការ បានប្រាប់កាសែតចិន CCTV ថា ការបែងចែកប្រព័ន្ធអេកូស៊ីស្ទឹមរបស់ក្រុមហ៊ុននីមួយៗ បានបង្កើតជាឧបសគ្គសម្រាប់ការអភិវឌ្ឍគុណភាពសម្រាប់វិស័យមនុស្សយន្ត និងបច្ចេកវិទ្យា ដោយក្រុមហ៊ុននីមួយៗ ជ្រើសរើសផ្ដោតតែលើបច្ចេកវិទ្យាក្រុមហ៊ុនផ្ទាល់ខ្លួនប៉ុណ្ណោះ។
លោកសង្កត់ធ្ងន់ថា ក្រុមហ៊ុនដែលធ្វើការក្នុងវិស័យនេះ ជាចាំបាច់ត្រូវបង្កើតបណ្ដាញធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីជៀសវាងការអភិវឌ្ឍប្រព័ន្ធអេកូស៊ីស្ទឹមដែលគ្មានគុណភាព ដែលនាំមកនូវលទ្ធផលមិនសមប្រកប និងគ្មានគុណភាព។
មនុស្សយន្ត និងបញ្ញាសិប្បនិមត្ត ដែលមានរាងកាយត្រូវបានចាត់ទុកថា ជាវិធីសាស្រ្តសំខាន់ សម្រាប់រលកបច្ចេកវិទ្យាថ្មី និង ការបម្លែងឧស្សាហកម្ម ក្នុងយុគសម័យឌីជីថលនេះ ខណៈវិស័យឧស្សាហកម្មនៅចិន កំពុងមានការរីកចម្រើនលឿនរហ័សផ្សារភ្ជាប់នឹងវិស័យបច្ចេកវិទ្យាសព្វថ្ងៃ ដែលបានផ្លាស់ប្តូរយ៉ាងខ្លាំងទៅលើរបៀបដែលមនុស្សធ្វើការនាពេលបច្ចុប្បន្ន៕