ឧត្តរមានជ័យ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំសហជីព និងសមាគមរោងចក្រ បាននាំយកអំណោយរបស់ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន សហជីព និងបងប្អូនកម្មករនិយោជិត ប្រគល់ជូនលោក មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ។
នាឱកាសនោះ រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់រដ្ឋបាលខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដែលបានជួយអន្តរាគមន៍ដោះស្រាយបានទាន់ពេលវេលាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋភៀសសឹកទៅតំបន់មានសុវត្ថិភាព និងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាដល់ការផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់ការស្នាក់នៅជាបណ្តោះអាសន្ន។
លោក ហេង សួរ បន្ថែមថា ឈរលើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» អំណោយដែលត្រូវរួមគ្នាជួយនាពេលនេះ គឺជាការឆ្លើយតបក្នុងគ្រាលំបាកខ្វះខាតទាំងឡាយនៅចំពោះមុខ ដែលរដ្ឋបាលខេត្តមានតម្រូវការជាច្រើនយកទៅដោះស្រាយតាមតម្រូវការជាក់ស្តែង។
ទន្ទឹមនឹងនេះ លោក មាន ចាន់យ៉ាដា ក៏បានថ្លែងអំណរគុ ចំពោះថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន ថ្នាក់ដឹកនាំសហជីព និងបងប្អូនកម្មករនិយោជិតទាំងអស់ ដែលបាននាំមកជាអំណោយថវិកា និងសម្ភារ សម្រាប់ផ្តល់ជូនដល់ជនភៀសសឹក និងក្រុមគ្រួសារវីរកងទ័ព។ អំណោយនោះ រួមមាន៖ ថវិកាចំនួន ៤០ លានរៀល ជូនរដ្ឋបាលខេត្ត និងចំនួន ៩០ លានរៀលបន្ថែមទៀតសម្រាប់ជូនដល់ ៦ អង្គភាព (អង្គភាពនីមួយៗទទួលបាន ១៥ លានរៀល), ម៉ូតូ(Wave)ចំនួន ១២ គ្រឿង, ផ្ទាំងសូឡា, អាយកូម, គ្រឿងឧបភោគបរិភោគ, ភេសជ្ជៈ, ថ្នាំសង្កូវ និងទឹកដោះគោឆៅ៕