ឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ ដាក់ចេញវិធាន ១១ចំណុច ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋភៀសសឹកវិល ទៅកាន់លំនៅដ្ឋានវិញដោយសុវត្ថិភាព និងដំណើរការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន។ រដ្ឋបាលក្រុង/ស្រុកនឹងត្រូវកំណត់ និងបែងចែកតំបន់ដែលរងផលប៉ះពាល់ជា៣តំបន់រួមមាន តំបន់ក្រហមជាតំបន់ដែលមិនទាន់អនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់វិញ, តំបន់លឿង ជាតំបន់ដែលប្រជាពលរដ្ឋអាចចេញចូលពេលថ្ងៃ ប៉ុន្តែមិនអនុញ្ញាតនៅពេលយប់, តំបន់សុវត្ថិភាព ពលរដ្ឋភៀសសឹកអាចវិញត្រឡប់ទៅលំនៅឋានបានធម្មតា។
ក្រោយកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា-ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ (ខេត្តប៉ៃលិន ប្រទេសកម្ពុជា)-បានប៉ាក់កាដ (ខេត្ត ច័ន្ទបុរី ប្រទេសថៃ) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី ៤ “ ភាគីទាំងពីរបានឯកភាពគ្នាអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់អាចវិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតាក្នុងពេល ឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន។
រដ្ឋបាលខេត្តឧត្តរមានជ័យ បានគូសបញ្ជាក់ថា ដើម្បីចូលរួមអនុវត្តវិធានការខាងលើឱ្យមានប្រសិទ្ធភាព ក៏ដូចជាគាំទ្រដល់លទ្ធផលនៃសេចក្តីប្រកាសរួមឱ្យបានពេញលេញ សំដៅធានាបាននូវសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលនឹងត្រូវវិលត្រឡប់ទៅលំនៅឋាន រៀងៗខ្លួនវិញប្រកបដោយសុវត្ថិភាព និងបើកដំណើរការផ្តល់សេវាសាធារណៈនៅមូលដ្ឋានភូមិ ឃុំ សង្កាត់ ក្រុង ស្រុក រដ្ឋបាលខេត្តឧត្តរមានជ័យសូមធ្វើការណែនាំនូវកិច្ចការចាំបាច់ចំពោះមុខមួយចំនួនដូចខាងក្រោម៖
១. រដ្ឋបាលខេត្តបានរៀបចំសេចក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចពិនិត្យ វាយតម្លៃតំបន់សុវត្ថិភាពជូន ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ
២. រដ្ឋបាលក្រុង ស្រុកត្រូវកំណត់ និងបែងចែកតំបន់ដែលរងផលប៉ះពាល់ជា ៣ (បី) តំបន់រួមមាន៖
តំបន់ក្រហម៖ សំដៅលើតំបន់ជាប់ខ្សែបន្ទាត់ព្រំដែនដែលកងកម្លាំងបានកំពុងឈរជើងប្រចាំការ (មិនទាន់ អនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់វិញឡើយ)
តំបន់លឿង៖ សំដៅលើតំបន់ដែលផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋរស់នៅជិតអង្គភាពយោធា (អនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋអាចចេញចូលពេលថ្ងៃ ប៉ុន្តែមិនអនុញ្ញាតនៅពេលយប់)
តំបន់សុវត្ថិភាព៖ សំដៅលើតំបន់ដែលរងផលប៉ះពាល់ ប៉ុន្តែនៅឆ្ងាយពីខ្សែបន្ទាត់ព្រំដែន (បងប្អូនប្រជា-ពលរដ្ឋភៀសសឹកអាចវិញត្រឡប់ទៅលំនៅឋានបានធម្មតា)
៣. រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវកសាងបញ្ជីស្ថិតិប្រជាពលរដ្ឋដែលរស់នៅតំបន់ទាំងបីខាងលើឱ្យបានឆាប់ រហ័ស ដើម្បីអាចអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋវិលត្រឡប់ទៅលំនៅឋានវិញបាន
៤. រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ ត្រូវចុះពិនិត្យទីតាំងគ្រាប់ធ្លាក់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីឃ្មុំ ទុកបណ្តោះអាសន្ន និងផ្តល់ព័ត៌មានដល់កងឯកភាពកំចាត់មីន (ស៊ីម៉ាក់) ធ្វើការពិនិត្យ និងបោសសម្អាត។
៥. មន្ទីរសុខាភិបាលត្រូវពិនិត្យ និងរៀបចំដំណើរការឡើងវិញនូវទីតាំងសុខាភិបាលដែលបានផ្អាក លើកលែង តែទីតាំងណាដែលរងការខូចខាត និងជាប់ខ្សែបន្ទាត់ព្រំដែន
៦. មន្ទីរអប់រំយុវជន យុវជន និងកីឡាត្រូវពិនិត្យ និងរៀបចំដំណើរការឡើងវិញនូវសាលារៀនដែលបានផ្អាក លើក លែងតែទីតាំងសាលារៀននៅតាមខ្សែបន្ទាត់ព្រំដែន និងសាលាដែលរងការខូចខាតពីគ្រាប់ផ្លោងដោយត្រូវការ ជួសជុល និងបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាម
៧. ស្នងការរដ្ឋាននគរបាលខេត្តត្រូវរៀបចំប្រព័ន្ធ Hotline (២៤/២៤ម៉ោង) ពរនានាពីបងប្អូនប្រជាពលរដ្ឋដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា ដើម្បីទទួលពាក្យបណ្តឹង និងសំណូម
៨. ស្នងការនគរបាលខេត្តត្រូវសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុករៀបចំទីតាំងប៉ុស្តិ៍ត្រួត ពិនិត្យឱ្យបានហ្មត់ចត់នៅតាមគោលដៅច្រកចូលក្រុង ស្រុក ដើម្បីបង្ការ និងទប់ស្កាត់សមាសភាពមិនល្អចូល មូលដ្ឋាន
៩. កងរាជអាវុធហត្ថខេត្តត្រូវចាត់កម្លាំងការពារសន្តិសុខ និងថែរក្សាការពារទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលបាន ចាកចេញពីលំនៅឋាននៅតាមមូលដ្ឋានភូមិ ឃុំ សង្កាត់ ដែលមិនទាន់បានវិលត្រឡប់មកវិញ
១០. រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវកំណត់មុខសញ្ញាគ្រួសារដែលមានជីវភាពខ្វះខាតពិតប្រាកដ ដើម្បីបន្ត ឧបត្ថម្ភស្បៀងអាហារក្នុងរយៈពេលខ្លី និងមធ្យម
១១. ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមសហការ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីមាន សមត្ថកិច្ច។
បើយោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ ស្តីពីស្ថានភាពក្រោយបទឈប់បាញ់គិតពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ជនភៀសសឹកសរុបប្រមាណ២ម៉ឺននាក់ បានត្រឡប់ទៅលំនៅឋានវិញម្សិលមិញ ខណៈជនភៀសសឹកនៅសល់សរុបជិត៦០ម៉ឺននាក់៕