កោះកុង៖ មន្ទីរអប់រំយុវជន និងកីឡាខេត្តកោះកុង នៅល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា គ្រឹះស្ថានសិក្សា ដែលបានផ្អាកដំណើរការបង្រៀន និងរៀនបណ្តោះអាសន្ននៅកោះកុង អាចបើកដំណើរការបង្រៀន និងរៀនឡើងវិញ តែត្រូវមានការរៀបចំជីកលេណដ្ឋាន (ត្រង់សេ)រួមមួយនៅតាមសាលារៀនរៀងៗខ្លួន និងត្រៀមស្បៀងដើម្បីអាចរៀនរស់ក្នុងសង្គ្រាម។
ក្រោយសភាពការណ៍ព្រំដែនមានសភាពប្រសើរក្រោយកម្ពុជា-ថៃ បានចុះហត្ថលេខាលើកិច្ចព្រៀមព្រៀងបទឈប់បាញ់នៅវេលាម៉ោង ១២.០០នាទីថ្ងៃត្រង់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងការទទួលបានការណែនាំពីរដ្ឋបាលខេត្តកោះកុង មន្ទីរអប់រំយុវជន និងកីឡាខេត្តកោះកុង នៅថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២៥ បានសម្រេចណែនាំឱ្យគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ សូមចូលបម្រើការងារនៅអង្គភាពវិញ និងសាលារៀនទាំងអស់ដែលបានផ្អាកដំណើរការបង្រៀន និងរៀនបណ្តោះអាសន្ន ត្រូវបើកដំណើរការបង្រៀន-រៀនឡើងវិញ រៀបចំជីកលេណដ្ឋាន (ត្រង់សេ)រួមមួយនៅតាមសាលារៀនរៀងៗខ្លួន និងត្រៀមស្បៀងដើម្បីអាចរៀនរស់ក្នុងសង្គ្រាម ចាប់ពីថ្ងៃជូន ដំណឹងនេះតទៅ។
គួររម្លឹកថា សាលារៀនសរុបចំនួន ៧១៧សាលា នៅក្នុងខេត្តចំនួន៤ បន្តបិទផ្អាកការរៀន និងបង្រៀន ខណៈបាត់ដំបងចាប់ផ្តើមដំណើរការនៅថ្ងៃនេះ។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ ស្តីពីស្ថានភាពក្រោយបទឈប់បាញ់គិតពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥៕