681 ezgif.com resize
Swift cc time

ចិនធ្វើសមយុទ្ធទ្រង់ទ្រាយធំក្បែរតៃវ៉ាន់ ក្រោយពីតៃវ៉ាន់បញ្ជាទិញសព្វាវុធពីអាម៉េរិក១១ពាន់លានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោក Shi Yi អ្នកនាំពាក្យនៃបញ្ជាការកងទ័ពរំដោះប្រជាជនចិន (PLA)

ចិន៖ យោធាចិនបានប្រកាសនៅថ្ងៃចន្ទទី ២៩ ធ្នូនេះថា ខ្លួនកំពុងចល័តអង្គភាពកងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពអាកាស និងរ៉ុក្កែតជុំវិញតៃវ៉ាន់ជាច្រើនក្នុងការធ្វើសមយុទ្ធយោធាធំៗជាប់គ្នាដែលមានគោលបំណងបញ្ជូនការព្រមានធ្ងន់ធ្ងរប្រឆាំងនឹងការឈានជើងរបស់តៃវ៉ាន់ស្វែងរកការប្រកាសឯករាជ្យភាព។ សមយុទ្ធទ្រង់ទ្រាយធំរបស់ចិននេះធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីកោះតៃវ៉ាន់បានសម្រេចបញ្ជាទិញសព្វាវុធទំនើបៗចុងក្រោយរបស់អាម៉េរិកក្នុងកញ្ចប់ថវិកាជាតិប្រមាណ១១ពាន់លានដុល្លារដែលជាចំនួនដ៏ច្រើនមិនធ្លាប់មានកន្លងមក។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិនសមយុទ្ធនេះមានឈ្មោះថាបេសកកម្មយុត្តិធម៌-២០២៥នឹងការសាកល្បងការត្រៀមខ្លួនប្រយុទ្ធ និង “ការបិទផ្លូវ និងការគ្រប់គ្រងកំពង់ផែសំខាន់ៗ និងតំបន់សំខាន់ៗ”របស់កោះតៃវ៉ាន់ ដោយក្នុងនោះនឹងមានសកម្មភាពបាញ់គ្រាប់ពិតនឹងធ្វើឡើងនៅក្នុងតំបន់សមុទ្រ និងដែនអាកាសចំនួនប្រាំដែលព័ទ្ធជុំវិញកោះតៃវ៉ាន់។

បើតាមលោក លោក Shi Yi អ្នកនាំពាក្យនៃបញ្ជាការកងទ័ពរំដោះប្រជាជនចិន (PLA) យោធាចិនបានចាប់ផ្តើមសមយុទ្ធបេសកកម្មយុត្តិធម៌ ២០២៥ នៅជុំវិញកោះតៃវ៉ាន់ជាផ្លូវការនៅថ្ងៃច័ន្ទនេះ លោក Shi បាននិយាយថា "ចាប់ពីថ្ងៃទី ២៩ ខែធ្នូ បញ្ជាការកងទ័ពរំដោះប្រជាជនចិនភាគខាងកើតកំពុងបញ្ជូនកងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពអាកាស និងកងទ័ពរ៉ុក្កែតរបស់ខ្លួនដើម្បីធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងតំបន់នៅភាគខាងជើង ភាគនិរតី ភាគអាគ្នេយ៍ និងភាគខាងកើតនៃកោះតៃវ៉ាន់។

លោកសង្គត់ធ្ងន់ថាសមយុទ្ធនេះនឹងផ្តោតលើការល្បាតត្រៀមខ្លួនប្រយុទ្ធតាមសមុទ្រ-អាកាស ការដណ្តើមយកទីតាំងសំខាន់ៗ ការបិទផ្លូវកំពង់ផែ និងតំបន់សំខាន់ៗ ក៏ដូចជាការរារាំងអ្នកខាងក្រៅជួយកោះតៃវ៉ាន់។

ជាការឆ្លើយតបរដ្ឋាភិបាលតៃវ៉ាន់បានថ្កោលទោសសមយុទ្ធនេះ ដោយចោទប្រកាន់ចិនពីបទ “គំរាមកំហែងយោធា” ក្រសួងការពារជាតិតៃវ៉ាន់បានព្រមានថាខ្លួនកំពុងតែយកចិត្តទុកដាក់ និង “ប្រុងប្រយ័ត្នយ៉ាងពេញលេញ” ហើយនឹង “ចាត់វិធានការជាក់ស្តែងដើម្បីការពារតម្លៃនៃលទ្ធិប្រជាធិបតេយ្យ និងសេរីភាព”របស់កោះតៃវ៉ាន់៕

Khcct banner

អត្ថបទទាក់ទង