ថៃ៖ លោក ស៊ីហាសាក់ ភួងកេតកែវ ត្រូវបានតែងតាំងជាបេក្ខភាពនាយករដ្ឋមន្រ្តីទី២ បន្ទាប់ពីអានុទីន សម្រាប់ការបោះឆ្នោតជាតិថៃ ឆ្នាំ២០២៦។ គណបក្សភូមិចៃថៃ នៅថ្ងៃពុធ ម្សិលមិញ បានប្រកាសថា លោក ស៊ីហាសាក់នឹងក្លាយជាបេក្ខភាពនាយករដ្ឋមន្រ្តីទី២ និងប្រកាសមិនតែងតាំងរដ្ឋមន្រ្តីហិរញ្ញវុត្ថុ អ៊ិកនិធី និធិថាន់ប្រាផាស និងរដ្ឋមន្រ្តីពាណិជ្ជកម្ម ស៊ូផាជី ស៊ុថាំផុន ជាបេក្ខភាពនាយករដ្ឋមន្រ្តីទេ។
គណបក្សភូមិចៃថៃ បានសម្រេចតែងតាំង លោក ស៊ីហាសាក់ ជាបេក្ខភាពនាយករដ្ឋមន្រ្តីដោយសារលោកស៊ីសាហាក់ មានបទពិសោធន៍ច្រើនឆ្នាំ និង មានសមត្ថភាពធ្វើការជាមួយគ្រប់តួអង្គអ្នកនយោបាយ និង ភ្នាក់ងារសន្តិសុខ លើកស្ទួយមាត់ប្រទេសថៃនៅលើឆាកអន្តរជាតិ។នេះបើយោងតាមកាសែតថៃផ្សាយពីលទ្ធផលនៃកិច្ចប្រជុំគណបក្សភូមិចៃថៃ។
សូមបញ្ជាក់ថា លោកស៊ីហាសាក់ ត្រូវបានសមាជិកគណបក្សភូមិចៃថៃ ផ្ដល់សេចក្ដីទុកចិត្តតែងតាំងជាបេក្ខភាពនាយករដ្ឋមន្រ្តីទី២ បន្ទាប់ពីលោកប្រកាសផែនការគោលនយោបាយការបរទេសថៃរយៈពេល៤ឆ្នាំ ជាមួយសមាជិកគណបក្សភូមិចៃថៃ កាលថ្ងៃ២៤ ធ្នូ ម្សិលមិញ ដោយសន្យាបញ្ចប់សង្រ្គាមព្រំដែនជាមួយកម្ពុជា បើគណបក្សលោកឈ្នះឆ្នោត និងដោះស្រាយបញ្ហាជាមួយមីយ៉ាន់ម៉ា និងការងារអន្តរជាតិមួយចំនួនទៀត៕