ថៃ៖ នាយកដ្ឋានឧតុនិយមថៃ បានព្យាករណ៍ នៅថ្ងៃ ២៤ ធ្នូនេះ អំពីបម្រែបម្រួលអាកាសធាតុនៅតំបន់ជាច្រើន ប្រទេសថៃ និង ប្រកាសពីហានិភ័យ«ខ្យល់ពុលកម្រិតខ្ពស់»កំពុងវាយលុយ ក្នុងតំបន់ជាច្រើននៅក្នុងទីក្រុងបាងកក ដោយតំបន់ជាច្រើននៅភាគខាងជើងប្រទេសថៃ នឹងមានអាកាសធាតុត្រជាក់នាពេលព្រឹក នៅក្នុងសីតុណ្ហភាព ៤-១២ អង្សារ ដោយមានអ័ព្ទធ្លាក់ចុះមកជាមួយផង និង អាចកើនកម្ដៅដល់៣៤ អង្សារនៅពេលថ្ងៃ។
ចំណែកតំបន់ភាគកណ្ដាល និង ខាងត្បូងនឹងមានអាកាសធាតុក្ដៅល្មម និង មានអ័ព្ទធ្លាក់មកជាមួយពេលព្រឹក ហើយកើនកម្ដៅ ពី៣៣-៣៥ អង្សារ សម្រាប់ពេលថ្ងៃ និង អាចមើលឃើញរលកកម្ពស់១ម៉ែត្រនៅតំបន់ឆ្នេរ។
ក្រៅពីនេះឧតុនិយមថៃ ក៏ព្រមានថា នឹងមានភ្លៀងធ្លាក់ខ្លាំង សម្រាប់តំបន់នៅភាគខាងត្បូង ជាពិសេស តំបន់ខាងក្រោម ដោយសារតែឥទ្ធិពលខ្យល់មូសុងភាគឦសានដែលគ្របដណ្តប់លើឈូងសមុទ្រថៃភាគខាងត្បូង និង សមុទ្រអង់ដាម៉ាន់។
ចំណែក នៅតាមតំបន់ភាគខាងត្បូងប៉ែកអាគ្នេយិ៍ នឹងមានខ្យល់ព្យុះ នៅក្នុងតំបន់មួយចំនួន ដូចជាសុងខ្លា ប៉ាតានី យ៉ាឡា និងណារ៉ាធីវ៉ាត់ ដែលអាចជួបប្រទះរលក ពី១ ទៅ ២ ម៉ែត្រ និងអាចលើកពី២ម៉ែត្រ សម្រាប់តំបន់ដែលមានខ្យល់ព្យុះខ្លាំង។ ហើយតំបន់ខាងត្បូងភាគនារតី នឹងមានភ្លៀងធ្លាក់តិចតួចប៉ុណ្ណោះ មានរលលកសមុទ្រប្រហែល១ម៉ែត្រ និង អាចខ្ពស់ជាងនេះសម្រាប់ក្រៅតំបន់ឆ្នេរ។