ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី២៣ ធ្នូ បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់គ្រឿងឥស្សរិយយសជូនលោកបណ្ឌិត István Zelnik និងក្រុមអ្នកស្រាវជ្រាវកម្ពុជា-ហុងគ្រី ចំពោះការរួមចំណែកដ៏សំខាន់ក្នុងការ សិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ការអភិរក្ស និងការផ្សព្វផ្សាយចំណេះដឹងទៅកាន់អន្តរជាតិអំពីតំបន់រមណីយដ្ឋានអង្គរ និងកោះកេរ។
ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ លោកបណ្ឌិត Zelnik បានប្រើប្រាស់ថវិកាផ្ទាល់ខ្លួនក្នុងការឧបត្ថម្ភគាំទ្រ និង សម្របសម្រួលដល់សកម្មភាពស្រាវជ្រាវទាំងនេះ រួមទាំងការបោះពុម្ពសៀវភៅស្រាវជ្រាវវិទ្យាសាស្ត្រ ប្រមាណ១៥ចំណងជើង ដែលផ្តោតលើវិស័យបុរាណវិទ្យា បេតិកភណ្ឌវប្បធម៌ខ្មែរ និងសិល្បៈកម្ពុជាសម័យទំនើប។
ដើម្បីជាការទទួលស្គាល់នូវការរួមចំណែកដ៏មានសារៈសំខាន់ទាំងនេះ រាជរដ្ឋាភិបាលបានផ្តល់គ្រឿងឥស្សរិយយសជូន៖ លោកបណ្ឌិត István Zelnik ស្ថាបនិកវិទ្យាស្ថានអាស៊ីអាគ្នេយ៍ហុងគ្រី និងជាអ្នកឧបត្ថម្ភគាំទ្រវិស័យសិល្បៈ, លោកបណ្ឌិត Belényesy Károly ប្រធានផ្នែកបុរាណវិទ្យា និងជាអ្នកសម្របសម្រួលនៃគម្រោងបេតិកភណ្ឌវប្បធម៌កម្ពុជា ស្ថិតក្រោមវិទ្យាស្ថានអាស៊ីអាគ្នេយ៍ហុងគ្រី, លោក Róbert Kuszinger អ្នកជំនាញព័ត៌មានវិទ្យា ទទួលបន្ទុកការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់គម្រោងបេតិកភណ្ឌវប្បធម៌កម្ពុជា និងទិន្នន័យ UDAR នៅតំបន់កោះកេរ, និងលោក Sulyok Miklós អ្នកថតរូប អ្នកបង្កើតឯកសាររូបថត និងពិព័រណ៍សិល្បៈ អច្ឆរិយៈនៃបេតិកភណ្ឌកម្ពុជា។
គួរបញ្ជាក់ថា ក្នុងអំឡុងដើមទសវត្សរ៍ឆ្នាំ២០០០ លោកបណ្ឌិត István Zelnik ជនជាតិហុងគ្រី ដែលជាអតីតអ្នកការទូត បញ្ញវន្ត និងជាអ្នកប្រមូលសមុច្ច័យវត្ថុសិល្បៈ បានបង្កើតវិទ្យាស្ថានអាស៊ីអាគ្នេយ៍ហុងគ្រី (Hungarian Southeast Asian Institute)។ វិទ្យាស្ថាននេះបានចូលរួមគាំទ្រដល់កម្មវិធីស្រាវជ្រាវនៅតំបន់អង្គរ និងតំបន់កោះកេរ រួមមាន៖ ការអង្កេតបុរាណវិទ្យា ការស្រាវជ្រាវ តាមបច្ចេកវិទ្យា LIDAR ការវិភាគសិលាចារឹក និងការសិក្សាប្រវត្តិសាស្ត្រ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងវិស័យបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ការលើកកម្ពស់ចំណេះដឹងជាសកលអំពីអារ្យធម៌អង្គរ និងការរៀបចំឯកសារ តំបន់រមណីយដ្ឋានកោះកេរ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដោយជោគជ័យ៕