ភ្នំពេញ៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានប្រកាសបើកកម្មវិធីTechGirls ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សាជាសាកលនារដូវក្តៅនៅសហរដ្ឋអាម៉េរិកតាមរយៈក្រសួងការបរទេសសហរដ្ឋអាមេរិក ផ្តល់ឱកាសដល់សិស្សស្រីដែលមានអាយុចាប់ពី ១៥ ដល់ ១៧ ឆ្នាំ ទទួលយកបទពិសោធន៍ដ៏សម្បូរបែបក្នុងវិស័យ STEM។
បើតាមស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បេក្ខជនដែលអាចដាក់ពាក្យបានតម្រូវជាសិស្សស្រីដែលមានអាយុចាប់ពី ១៥ ដល់ ១៧ ឆ្នាំ ត្រូវមានជំនាញ និងចំណាប់អារម្មណ៍ខ្លាំងលើវិស័យSTEM មានជំនាញភាសាអង់គ្លេសខ្លាំង ត្រូវចូលរៀនយ៉ាងហោចណាស់១ឆមាសបន្ថែមនៅវិទ្យាល័យបន្ទាប់ពីចូលរួមកម្មវិធី និងត្រូវប្តេជ្ញាចិត្តបញ្ចប់គម្រោងដែលត្រូវធ្វើនៅសហគមន៍របស់ពួកគេនៅពេលដែលត្រឡប់មកកម្ពុជាវិញ។
សិស្សស្រីដែលចូលរួមនឹងធ្វើដំណើរទៅសហរដ្ឋអាម៉េរិកដើម្បីសិក្សានៅសាកលវិទ្យាល័យដៃគូ ដែលពួកគេនឹងចូលរួមការសិក្សាផ្ទាល់ពីវិស័យ STEM ការអភិវឌ្ឍភាពជាអ្នកដឹកនាំ ការផ្លាស់ប្តូរវប្បធម៍ និង បង្កើតទំនាក់ទំនងជាមួយវាគ្មិនជំនាញ និងអ្នកចូលរួមជាច្រើនរូបក្នុងវិស័យនេះ។ បន្ទាប់ពីបញ្ចប់ការសិក្សា អ្នកចូលរួមនឹងត្រលប់មកប្រទេសរបស់ពួកគេវិញដើម្បីដឹកនាំគម្រោង STEM ផ្សេងៗ ក្នុងសហគមន៍របស់ពួកគេ និង បន្តរក្សាទំនាក់ទំនងជាផ្នែកមួយនៃសហគមន៍នៃអ្នកឆ្នៃប្រឌិត។
សម្រាប់សិស្សស្រីដែលមានចំណាប់អារម្មណ៍ក្នុងគម្រោងនេះ អាចដាក់ពាក្យចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ តាមរយៈ techgirlsglobal.org ៕