681 ezgif.com resize
Swift cc time

បារាំង សម្រេចប្រសិទ្ធនាមសួនច្បារ១ ថា«សួនច្បារ នរោត្តម សីហនុ» រម្លឹកដល់ការចរចាសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

បារាំង៖ ប្រទេសបារាំង នាថ្ងៃទី២២ ធ្នូ បានសម្រេចប្រសិទ្ធនាមសួនច្បារមួយកន្លែងនៅទីក្រុង Fère-en-Tardenois ថា "សួនច្បារ នរោត្តម សីហនុ" ។ Fère-en-Tardenois ជាទីក្រុងប្រវត្តិសាស្ត្រនៃជំនួបចរចាជាលើកដំបូងរវាងព្រះករុណា ព្រះមហាវីរ:ក្សត្រ នរោត្ដម សីហនុ ជាមួយសម្ដេច ហ៊ុន សែន នៅឆ្នាំ ១៩៨៧ ដែលនាំឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១។

បើតាមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង បានបញ្ជាក់ថា សួនច្បារមួយនៃសាលាឃុំ Fère-en-Tardenois ក្នុងខេត្ត Aisne ត្រូវបានក្រុមប្រឹក្សាឃុំប្រសិទ្ធនាម ជាផ្លូវការថា - សួនច្បារនរោត្តម សីហនុ។ ការប្រសិទ្ធនាមនេះ គឺជាការរម្លឹកដល់ចំណងមិត្តភាពជាប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅរវាងប្រទេស កម្ពុជា និងឃុំ Fere-en-Tardenois ដែលជាទីតាំងនិមិត្តរូបនៃជំនួបចរចាជាលើកដំបូងនាឆ្នាំ១៩៨៧ រវាងព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងសម្តេច ហ៊ុន សែន ដែលកាលនោះ ជា នាយករដ្ឋមន្ត្រីកម្ពុជា។

ជំនួបជាប្រវត្តិសាស្ត្រនេះ គឺជាចំណុចចាប់ផ្តើមនៃដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួម ជាតិ ដែលនាំឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ កិច្ចព្រមព្រៀង នេះបានបើកនូវសករាជថ្មីនៃស្ថិរភាព និងការកសាងប្រទេសឡើងវិញសម្រាប់ប្រជាពលរដ្ឋខ្មែរ។

គួរបញ្ជាក់ថា ពិធីសម្ពោធសួនច្បារនេះជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៦ នៅឃុំ Fere-en-Tardenois ក្រោមអធិបតីភាពរបស់ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកព្រឹទ្ធសភាកម្ពុជា ក្នុងនាមជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះមហាក្សត្រ នាឱកាសនោះ៕

Khcct banner

អត្ថបទទាក់ទង