ពោធិ៍សាត់៖ អ្នកនេសាទ ចាប់បាន«ត្រីរាជ»មួយក្បាល មានទម្ងន់ ៦០គីឡូក្រាម ប្រវែង ១,៧០ម៉ែត្រ ជាប្រភេទត្រីកម្រជិតផុតពូជ នៅខេត្ដពោធិ៍សាត់។ អ្នកនេសាទ បានរាយការណ៍ដោយស្ម័គ្រចិត្តអំពីការចាប់បាន និងត្រូវបានមន្រ្តីជលផងលែងចូលទៅកន្លែងអភិរក្សជលផលជ្រោយស្ដីវិញ។
នាថ្ងៃទី១៩ ធ្នូ មន្រ្តីជលផលចម្រុះខេត្តពោធិ៍សាត់ បានលែងត្រីរាជ ចំនួនមួយក្បាល ទម្ងន់ ៦០គីឡូក្រាម ប្រវែង ១,៧០ម៉ែត្រ ដែលជាប្រភេទត្រីកម្រជិតផុតពូជ ត្រូវអ្នកនេសាទចាប់បានដោយឧបកណ៍នេសាទ «លបឡុក»របស់ឈ្មោះ ឈិត សេងហ៊ឹង ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្ដពោធិ៍សាត់។ ក្រោយពេលឃើញត្រីរាជចូលក្នុងលបឡុក លោកបានរាយការណ៍ដោយស្ម័គ្រចិត្តអំពីការចាប់បានត្រីរាជមួយក្បាលនេះ ដើម្បីឱ្យក្រុមការងារបានចុះទៅបំពាក់ស្លាក និងលែងចូលទៅកន្លែងអភិរក្សជលផលជ្រោយស្ដីវិញ។
នារសៀលថ្ងៃដដែលក្រុមកាងារចុះសង្គ្រោះត្រីដែលងាយរងគ្រោះជិតផុតពូជក៏បានចុះទៅបំពាក់ស្លាក់និងលែងត្រីគល់រាំង ចំនួន១ក្បាល ដែលមានទំងន់៦,២គីឡូក្រាម និងប្រវែង៦៧សង់ទីម៉ែត្រ ក្រោយពីបានទទួលសេចក្តីរាយការណ៍ពីលោកស្រី ញឹក ស៊ីយ៉ុន អាយុ៥៨ឆ្នាំ ម្ចាស់គន្លងដាយ៤ដេ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕