សិង្ហបុរី៖ លោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី នៅថ្ងៃទី២២ ធ្នូនេះ បានប្រកាសគាំទ្រតួនាទីប្រធានអាស៊ាន ដៃគូខាងក្រៅ ក្នុងការបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីសន្តិភាពក្នុងតំបន់។ ការគាំទ្រនេះ ធ្វើឡើងដោយលោកមន្ត្រីការបរទេសសិង្ហបុរី នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេស ស្តីពីជម្លោះព្រំដែនរវាងកម្ពុជា-ថៃ នៅថ្ងៃទី២២ ធ្នូ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
លោក Vivian Balakrishnan បានមានប្រសាសន៍ថា សិង្ហបុរីនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ក្នុងស្ថានភាពនេះ លោកបន្តគាំទ្រតួនាទី និងការខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ាន ដៃគូខាងក្រៅ និងគាំទ្រយន្តការមួយចំនួនដែលភាគីកម្ពុជា និងភាគីថៃ ឯកភាពគ្នាដើម្បីកាត់បន្ថយជម្លោះព្រំដែន ក្នុងស្មារតីសាមគ្គីភាពអាស៊ាន និងភាពជាអ្នកជិតខាងល្អ។
ជាការគាំទ្រ លោករដ្ឋមន្ត្រីការបរទេសសិង្ហបុរីរូបនេះ នឹងទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេស ស្តីពីជម្លោះព្រំដែនរវាងកម្ពុជា-ថៃ នៅថ្ងៃទី២២ ធ្នូ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលកិច្ចប្រជុំនេះ នឹងត្រូវបានធ្វើឡើងក្រោមការដឹកនាំដោយប្រធានអាស៊ាន ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
គួរបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេស ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan គឺជាការបន្តនៃកិច្ចព្រមព្រៀងដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim និងសមភាគីមកពីប្រទេសថៃ និងកម្ពុជា កាលពីថ្ងៃទី១១ ខែធ្នូ៕