ថៃ៖ ក្រសួងគ្រប់គ្រង និង បង្ការគ្រោះមហន្តរាយថៃ (DDPM) កាលពីថ្ងៃ ១៨ ធ្នូម្សិលមិញ បានព្រមានប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុង Hat Yai ក្នុងខេត្ត Songkhla ភាគខាងត្បូងប្រទេសថៃឱ្យមានការប្រុងប្រយ័ត្ន ដោយសារ នឹងកើតមានអាសន្នគ្រោះទឹកជំនន់ ដោយសារលំហូរទឹកខ្លាំងចេញពី ព្រែក Wat Canal ។
យោងតាមប្រពន្ធផ្សព្វផ្សាយថៃ អាជ្ញាធរថៃទទួលដំណឹង មាននូវកាកសំណល់ជាច្រើនកំពុងហូររសាត់អណ្ដែតតាមព្រែក Khlong Hae ទៅកាន់ព្រែក Khlong U-Taphao ក្នុងក្រុង ហាតយ៉ៃ ខេត្តសង់ខ្លា ប្រទេសថៃ ដែលបង្កើនការព្រួយបារម្ភទាក់ទងនឹងបញ្ហាបរិស្ថាន និងកង្វះការគ្រប់គ្រងទឹកស្អាត ដែលនឹងបង្កហានិភ័យដល់សុខសុវត្ថិភាព និងការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ។
អាជ្ញាធរក្រុង ហាតយ៉ៃ អំពាវនាវឱ្យពលរដ្ឋធ្វើការប្រមែលប្រមូលរៀបចំសម្ភារៈផ្ទាល់ខ្លួនទៅទីទួលមានសុវត្ថិភាពជាបន្ទាន់ និងតាមដានព័ត៌មានអាប់ដេតពីអាជ្ញាធរឱ្យបានជាប់លាប់ ដើម្បីបង្ការហានិភ័យណាមួយដែលអាចកើតមានឡើង។