ថៃ៖ កីឡាការិនីកំពូលថៃ ឈ្មោះ Naphat Warasin ដែលត្រូវបានស្គាល់ឈ្មោះក្នុងហ្គេមអេឡិចត្រូនិចថា Tokyogurl ត្រូវបានគណៈកម្មាធិការស៊ីហ្គេមសម្រេចដកបេក្ខភាពចេញពីការប្រកួតស៊ីហ្គេមលើកទី៣៣ ហើយក្រុមហ៊ុនចែកចាយហ្គេម និងផ្សព្វផ្សាយហ្គេមធំៗនៅក្នុងប្រទេសថៃបានថ្កោលទោស និងហាមឃាត់នាងមិនឱ្យចូលប្រកួតកីឡាប្រភេទនេះ អស់មួយជីវិត។ ការសម្រេចដក និងថ្កោលទោសនេះធ្វើឡើងបន្ទាប់ពីរូបនាងបានប្រើប្រាស់ល្បិចប្រើប្រាស់កម្មវិធី Software អនុញ្ញាឲ្យជនទី៣ ចូលប្រើប្រាស់កុំព្យូទ័រ និងធ្វើការប្រកួតជំនួសរូបនាងក្នុងការដណ្តើមយកឈ្នះលើវៀតណាម។
យោងតាមកាសែតថៃ The Nation កីឡាការនីរូបនេះ កាលពីថ្ងៃ១៥ ធ្នូ ត្រូវបានគេចាប់បានតាមការឡាយផ្ទាល់ក្នុងការប្រកួតតទល់រវាងប្រទេសថៃ និងវៀតណាម ដោយក្រុមអ្នកជំនាញចាប់បាននាងធ្វើសកម្មភាពគួរឱ្យសង្ស័យ ដោយនាងបានធ្វើកាយវិការដែលមិនសមរម្យ ដោយលើកដៃកណ្ដាលជាសញ្ញាដាក់អេក្រង់កំឡុងពេលប្រកួតហ្គេម ហើយសន្និដ្ឋានថានាងបានជួលជនទី ៣ ក្នុងការលេងជំនួសនាងដើម្បីយកឈ្នះវៀតណាម។ តែជាលទ្ធផលចុងក្រោយនាងនៅតែចាញ់វៀតណាមក្នុងពិន្ទុ ០-៣។
ប្រភពដដែលបន្តទៀតថា ក្រោយថ្ងៃប្រកួតមួយថ្ងៃ ពោលគឺថ្ងៃ១៦ធ្នូ សហព័ន្ធកីឡាអេឡិចត្រូនិចប្រទេសថៃបានចេញសេចក្ដីថ្លែងការដកបេក្ខភាពនាង Tokyogurl ពីការប្រកួត ដោយចោទថានាងបានរំលោភសេចក្ដីណែនាំបច្ចេកទេសនៃការប្រកួតកីឡា ហើយក្លឹបហ្គេមរបស់នាងឈ្មោះ Talon Esport បានបញ្ចប់កុងត្រានាង និងក្រុមហ៊ុនផ្សព្វផ្សាយហ្គេមដ៏ធំឈ្មោះ Garena បានហាមនាងមិនឱ្យចូលប្រកួតអស់មួយជីវិតសម្រាប់ហ្គេមប្រភេទ Realm of Valor។
សូមបញ្ជាក់ថា Realm of Valor (RoV) ប្រភេទ Multiplayer Online Battle Arena (MOBA) គឺជាហ្គេម ដែលអនុញ្ញាតិឱ្យមានអ្នកចូលលេងបានច្រើនគ្នាក្នុងសមរភូមិប្រយុទ្ធតាមអនឡាញ។ វាត្រូវបានបង្កើតដោយ TiMi Studios និងចេញផ្សាយឱ្យលេងដោយ Garena សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានគេស្គាល់ជាអន្តរជាតិនៅក្រោមឈ្មោះថា Arena of Valor៕