សៀមរាប៖ ស្រ្តីមានផ្ទៃពោះ និងកុមារ មកពីគ្រួសារកំពុងភៀសសឹកពីការឈ្លានពានរបស់ប្រទេសថៃ និងគ្រួសារវីរកងកម្លាំងសរុបចំនួន ២៩៥ នាក់ បាននិងកំពុងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។ ក្នុងនោះមានស្រ្តីមានផ្ទៃពោះជិតសម្រាល និង សម្រាលរួចមានចំនួន ៨៧ នាក់ និងកុមារចំនួន ២០៦នាក់។ នេះបើតាមរបាយការណ៍របស់មូលនិធិគន្ធបុប្ផាកម្ពុជា។
លោកសាស្រ្តាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប បានឱ្យដឹងថា សមាជិកគ្រួសារភៀសសឹក និងគ្រួសារវីរកងកម្លាំងកម្ពុជា មកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ភាគច្រើនមកទទួលពិនិត្យផ្ទៃពោះ និងសម្រាល និងកុមារមកទទួលការវះកាត់ ព្យាបាល និងជំងឺទូទៅ ប៉ុន្តែជំងឺទាំងនោះមិនទាន់ចេញជាសញ្ញានៃជំងឺរាតត្បាតណាមួយឡើយ ដោយលោកប្រធានមន្ទីរពេទ្យបានបន្តថា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផានឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីពិនិត្យ និងព្យាបាល ព្រមទាំងផ្តល់ភាពកក់ក្តៅ ដល់ទារក និងកុមារទាំងអស់ ជាពិសេសគ្រួសារភៀសសឹក និងគ្រួសារវីរកងកម្លាំង។
ក្នុងឱកាសនៃការចុះសួរសុខទុក្ខគ្រួសារភៀសសឹក និងគ្រួសារវីរកងកម្លាំង នៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាបនេះ លោក ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានមានប្រសាសន៍ ក្នុងស្មារតីខ្មែរជួយខ្មែរ អំពាវនាវដល់ពលរដ្ឋដែលជាសមាជិកគ្រួសារកំពុងភៀសសឹក និងគ្រួសារវីរកងកម្លាំងកម្ពុជា ជាស្រ្តីមានផ្ទៃពោះ និងកុមារដែលកំពុងមានតម្រូវការពិនិត្យ ព្យាបាល និងសម្រាល, សូមអញ្ជើញមកមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទទួលបានការព្យាបាល ពិនិត្យជំងឺនានា ដោយមិនគិតថ្លៃ និងប្រកបដោយគុណភាព មិនមានការរើសអើងឡើយ។
រដ្ឋលេខាធិការរូបនេះក៏បានដឹកនាំក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជា និងអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម រួមនិងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ បរិច្ចាគឈាម ដើម្បីត្រៀមជូនវីរកងកម្លាំងជួរមុខដ៏ក្លាហានកម្ពុជា ដែលកំពុងការពារបូរណភាពដែនដីនៃអធិបតេយ្យកម្ពុជា ផងដែរ៕