681 ezgif.com resize
Swift cc time

ចិនប្តេជ្ញាចូលរួមជំរុញឱ្យ ថៃ-កម្ពុជា បញ្ឈប់ការប្រយុទ្ធ ហើយចរចាស្វែងរកសន្តិភាព

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
 អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun

ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានបញ្ជាក់នៅរសៀលថ្ងៃច័ន្ទទី ១៥ នេះថា ប្រទេសចិន កំពុងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់ការចរចាសន្តិភាព និង ដើរតួនាទីស្ថាបនា ក្នុងការលើកកម្ពស់បទឈប់បាញ់ និង បញ្ចប់សង្គ្រាមរវាង កម្ពុជា និងថៃ ព្រមទាំងក្នុងការកសាងសន្តិភាពឡើងវិញ។ការប្រកាសនេះ ធ្វើឡើងខណៈការឈ្លានពានរបស់ថៃលើប្រទេសកម្ពុជា ឈានចូលដល់ថ្ងៃទី៩ គិតត្រឹមថ្ងៃទី ១៥ ធ្នូ ឆ្នាំ២០២៥នេះ។

ក្នុងនាមជាប្រទេសជិតខាង និង ជាមិត្តល្អរបស់ កម្ពុជា និងថៃ ប្រទេសចិន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពបច្ចុប្បន្ននៅតាមព្រំដែន កម្ពុជា-ថៃ ហើយមានការសោកស្ដាយយ៉ាងខ្លាំង ចំពោះជនរងគ្រោះដែលបង្កឡើងដោយជម្លោះនេះ។នេះបើតាមលោក Guo Jiakun ។

មន្ត្រីអ្នកនាំពាក្យមហាអំណាចចិនរូបនេះ បន្តថា ប្រទេសចិន ស្របតាមបំណងប្រាថ្នារបស់ កម្ពុជា និងថៃ បានរក្សាការទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយភាគីទាំងពីរ តាមរយៈបណ្តាញច្រើន និង នៅកម្រិតច្រើន ដោយសម្របសម្រួល និង ជំរុញឱ្យមានការសន្ទនាយ៉ាងសកម្ម បង្កើតលក្ខខណ្ឌ និង ផ្តល់វេទិកាសម្រាប់ការសន្ទនាកម្ពុជា-ថៃ ដើម្បីបញ្ចប់ជម្លោះ។

បើតាមលោក Guo Jiakun ចិនគាំទ្រការសន្ទនា និង ការពិគ្រោះយោបល់ដោយផ្ទាល់រវាង កម្ពុជា និង ថៃ គាំទ្រកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់អាស៊ាន ជាពិសេស ប្រទេសម៉ាឡេស៊ី និង គាំទ្រការស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទៅវិញទៅមក ក្នុងក្របខ័ណ្ឌអាស៊ាន។ ចិនកំពុងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់ការចរចាសន្តិភាព ហើយនឹងបន្តធ្វើដូច្នេះតាមរបៀបរបស់ចិន ដើម្បីដើរតួនាទីស្ថាបនា ក្នុងការលើកកម្ពស់បទឈប់បាញ់ និង ការកសាងសន្តិភាពឡើងវិញរវាងកម្ពុជា និង ថៃ៕

Khcct banner

អត្ថបទទាក់ទង