ក្រសួងអឺរ៉ុប និងការបរទេសបារាំង នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៥ បានប្រកាសគាំទ្រការអំពាវនាវរបស់នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងការបង្កើតឱ្យមានបទឈប់បាញ់ភ្លាមៗ ហើយជំរុញប្រទេសកម្ពុជា និងថៃ ឱ្យបញ្ឈប់ការប្រយុទ្ធភ្លាមៗ និងត្រឡប់ទៅរកការសន្ទនាវិញ ដើម្បីឈានទៅរកការដោះស្រាយបញ្ឈប់ជម្លោះរវាងប្រទេសទាំងពីរដោយសន្តិវិធី។
យោងតាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងអឺរ៉ុប និងការបរទេស បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃការប្រឈមមុខដាក់គ្នារវាងប្រទេសថៃ និងប្រទេសកម្ពុជា។ ប្រទេសបារាំងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន ក្នុងការជំរុញឲ្យមានការបន្តកិច្ចសន្ទនាដោយសន្តិវិធីរវាងប្រទេសទាំងពីរ។ ប្រទេសបារាំង គាំទ្រការអំពាវនាវរបស់នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងការបង្កើតឱ្យមានបទឈប់បាញ់ភ្លាមៗ ហើយជំរុញភាគីទាំងពីរឱ្យបញ្ឈប់ការប្រយុទ្ធភ្លាមៗ និងត្រឡប់ទៅរកការសន្ទនាវិញ ស្របតាមបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍សន្តិភាពទីក្រុងគូឡាឡាំពួរ ដើម្បីឈានទៅរកការដោះស្រាយជម្លោះរវាងប្រទេសទាំងពីរដោយសន្តិវិធី។
ជាមួយគ្នានោះ ប្រសិនបើគ្មានមិនអ្វីប្រែប្រួលទេនោះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម នឹងបើកកិច្ចប្រជុំបង្ហាញពីលទ្ធផលផ្កាយរណប ដែលបង្ហាញពីជម្លោះព្រំដែនរវាងប្រទេសកម្ពុជា-ថៃ នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៥ស្អែកនេះ៕