ថៃ៖ ក្រសួងឧតុនិយមថៃនៅល្ងាចថ្ងៃទី១២ធ្នូនេះបានចេញការព្រមានបន្ទាន់ និងផ្ញើការព្រមានតាមតាមរយៈសារទូរស័ព្ទជូនពលរដ្ឋថៃដែលកំពុងតែរស់នៅក្នុងខេត្តស៊ូរ៉ាតថានី និងខេត្តនគរស៊ីធម្មារ៉ាត ដោយជំរុញឱ្យប្រជាពលរដ្ឋនៅតំបន់ទំនាប និងតាមបណ្តោយព្រែកក្លុងណាប៉ាត្រៀមខ្លួនសម្រាប់ទឹកជំនន់ ការរអិលបាក់ដី និងការហៀរចេញក្រៅនៃទឹកជំនន់ពីព្រែកក្លុងណាប៉ា។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ THE NATION បានរាយការណ៍ថានាយកដ្ឋានបង្ការ និងកាត់បន្ថយបន្ថយគ្រោះមហន្តរាយថៃ (DDPM) បានចេញការព្រមានអំពីការហៀរទឹកចេញពីព្រែកក្លុងណាប៉ាដែលអាចកើតមាន ដោយទឹកក្នុងព្រែកនឹងហៀរចេញនៅថ្ងៃសុក្រនេះបន្ទាប់ពីជំនន់ទឹកភ្លៀងបានបន្តធ្លាក់ជោគជាំជាប់ៗគ្នាជាច្រើនថ្ងៃ អាជ្ញាធរព្រមានទៀតថាទឹកជំនន់ពីព្រែកនេះនឹងប៉ះពាល់ដល់តំបន់តាមបណ្តោយព្រែក និងសហគមន៍ទំនាបនៅក្នុងស្រុកឆៃយ៉ាម៉ុនទ្រី និងស្រុកម៉ាមួងសុងតុន ក្នុងខេត្តនគរស៊ីធម្មារ៉ាត។
អាជ្ញាធរថៃជំរុញឱ្យពលរដ្ឋតាមដានកម្រិតទឹកយ៉ាងដិតដល់ ផ្លាស់ទីទ្រព្យសម្បត្តិទៅកន្លែងខ្ពស់ ផ្លាស់ទីយានយន្តទៅកន្លែងដែលមានសុវត្ថិភាព និងរក្សាទុកវត្ថុមានតម្លៃ និងឯកសារសំខាន់ៗ ជាពិសេសត្រូវតែប្រុងប្រយ័ត្នចំពោះការឆក់ចរន្តអគ្គិសនី។ ប្រជាជនដែលរស់នៅក្បែរប្រឡាយ និងផ្លូវទឹក នៅតំបន់ទំនាប និងនៅលើជើងភ្នំ និងជម្រាលភ្នំត្រូវបានព្រមានឱ្យប្រុងប្រយ័ត្នចំពោះទឹកជំនន់ និងការរអិលបាក់ដី។ ប្រជាជនត្រូវបានណែនាំឱ្យផ្លាស់ទីរបស់របរទៅកន្លែងខ្ពស់ រក្សាទុករបស់មានតម្លៃ និងឯកសារសំខាន់ៗ ប្រុងប្រយ័ត្នចំពោះការឆក់ចរន្តអគ្គិសនី និងតាមដានបុគ្គលដែលងាយរងគ្រោះយ៉ាងដិតដល់។
មន្រ្តីជំនាញថៃព្រមានទៀតថាទឹកជំនន់ និងការរអិលបាក់ដីនឹងកើតមានភ្លាមៗវាយប្រហារខេត្តទាំងពីររួមមាន ខេត្តស៊ូរ៉ាតថានី និងខេត្តនគរស៊ីធម្មារ៉ាត៕