មីយ៉ាន់ម៉ា៖ កងទ័ពមីយ៉ាន់ម៉ាបានបើកការវាយប្រហារទម្លាក់គ្រាប់បែកយ៉ាងកំរោលលើមន្ទីរពេទ្យមួយកន្លែងស្ថិតនៅក្នុងនៅរដ្ឋរ៉ាឃីនកាលពីយប់ថ្ងៃទី ១០ធ្នូ ដែលបណ្តាលឲ្យមនុស្សស្លាប់សរុបប្រមាណ ៣៤ នាក់ និងជាង ៨០នាក់ទៀតរងរបួសធ្ងន់ស្រាលក្នុងការវាយប្រហារគ្នាជាមួយកងកម្លាំងកងទ័ពអារ៉ាខាន់ប្រចាំនៅរដ្ឋរ៉ាឃីនដែលជាទ័ពប្រឆាំងដ៏ធំក្នុងតំបន់វាយបកជាមួយរបបសឹកមីយ៉ាន់ម៉ាដែលដឹកនាំដោយលោកមីន អ៊ុងឡាំង។
ផ្អែកតាមទីភ្នាក់ងារសារព័ត៌មាន AP ការវាយប្រហារតាមអាកាសដោយយោធាមីយ៉ាន់ម៉ាបានបំផ្លាញមន្ទីរពេទ្យមួយក្នុងតំបន់ដែលគ្រប់គ្រងដោយកងកម្លាំងប្រដាប់អាវុធឧទ្ទាមអារ៉ាខាន់ឈានមុខគេមួយស្ថិតក្នុងរដ្ឋរ៉ាឃីន ដោយបានសម្លាប់អ្នកជំងឺ និងបុគ្គលិកពេទ្យចំនួន ៣៤ នាក់ ដោយក្នុងនោះមានអ្នករបួសកើនឡើងដល់ ៨០ នាក់។
លោក Wai Hun Aung មន្ត្រីជាន់ខ្ពស់ និងជាអ្នកជួយសង្រ្គោះនៅកន្លែងកើតហេតុកបានប្រាប់ The Associated Press ថា យន្តហោះចម្បាំងមួយគ្រឿងបានទម្លាក់គ្រាប់បែកពីរគ្រាប់នៅម៉ោង ៩:១៣នាទី យប់ ដោយមួយគ្រាប់បានធ្លាក់ចំមន្ទីរពេទ្យ និងមួយទៀតបានធ្លាក់នៅជិតអគារសំខាន់របស់មន្ទីរពេទ្យ។ លោកបន្តទៀតថាអគារមន្ទីរពេទ្យភាគច្រើនត្រូវបានបំផ្លាញដោយគ្រាប់បែក ហើយតាក់ស៊ី និងម៉ូតូនៅក្បែរមន្ទីរពេទ្យក៏ត្រូវបានខូចខាតជាមួយគ្នាដែរ។
ប្រព័ន្ធផ្សព្វផ្សាយអនឡាញដែលមានមូលដ្ឋាននៅរដ្ឋរ៉ាក់ឃីនបានបង្ហោះរូបថត និងវីដេអូដែលបង្ហាញពីអគារ និងកំទេចកំទីដែលខូចខាត រួមទាំងឧបករណ៍វេជ្ជសាស្ត្រ។ លោក Wai Hun Aung ព្រមានថាមន្ទីរពេទ្យនេះគឺជាកន្លែងសំខាន់នៃការថែទាំសុខភាពសម្រាប់ប្រជាជននៅរដ្ឋរ៉ាក់ឃីន ជាកន្លែងដែលមន្ទីរពេទ្យភាគច្រើនបានបិទទ្វារដោយសារតែសង្គ្រាមស៊ីវិលក្នុងប្រទេសមីយ៉ាន់ម៉ា៕