ថៃ៖ រដ្ឋមន្រ្តីការបរទេសថៃលោក ស៊ីហាសាក់ ភួងកេតកែវ នៅរសៀលថ្ងៃទី ១០ធ្នូនេះ បានប្រាប់ចំៗទៅកាន់លោកដូណាល់ត្រាំថាការគំរាមកំហែងនៃពន្ធគយពាណិជ្ជកម្មរបស់អាម៉េរិកខ្ពស់ជាងនេះដើម្បីបង្ខំឱ្យខ្លួនចូលទៅតុចរចាសន្តិភាពជាមួយកម្ពុជាគឺមិនអាចទៅរួចជាដាច់ខាត លោកបានចោទថានេះគឺជាការទទួលខុសត្រូវរបស់កម្ពុជា។ នេះបើយោងតាមបទសម្ភាសន៍របស់លោកជាមួយសារព័ត៌មាន REUTERS។
បើតាមលោក ស៊ីហាសាក់ ភួងកេតកែវការភ្ជាប់ការគំរាមកំហែងពាណិជ្ជកម្មរបស់អាម៉េរិកទៅនឹងជម្លោះថៃ-កម្ពុជាគឺមិនអាចទទួលយកបានទេ ទោះបីជាការប្រយុទ្ធគ្នាតាមបណ្តោយព្រំដែនកាន់តែធ្ងន់ធ្ងរក៏ដោយ។ លោកបានអះអាងទៀតថាបញ្ហាទំនាក់ទំនងថៃ-កម្ពុជាមិនគួរត្រូវបានចងភ្ជាប់ទៅនឹងការចរចាពន្ធគយ ឬប្រើជាឧបករណ៍ដើម្បីដាក់សម្ពាធឱ្យប្រទេសថៃត្រឡប់ទៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចព្រមព្រៀងសន្តិភាពទេ លោកចាត់ទុកនេះគឺជាបញ្ហាដាច់ដោយឡែកពីគ្នា។
សម្រាប់លោក ស៊ីហាសាក់ស្ថានភាពបច្ចុប្បន្នមិនស័ក្តិសមសម្រាប់ការសម្របសម្រួលពីខាងក្រៅទេ ហើយប្រសិនបើភាគីម្ខាងទៀតពិតជាចង់បញ្ឈប់រឿងនេះ ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្តាប់អ្វីដែលពួកគេស្នើឡើង។លោក ស៊ីហាសាក់ បានព្រមានថា ស្ថានភាពអាចនឹងកាន់តែអាក្រក់ទៅៗ ដោយពេលនេះប្រទេសថៃបានដាក់ពង្រាយកម្លាំងបាញ់ រួមទាំងយន្តហោះចម្បាំង ក្នុងការវាយប្រហារឆ្លងកាត់ព្រំដែន៕