681 ezgif.com resize
Swift cc time

ធនាគារជាតិនៃកម្ពុជា ប្រកាសវិធានឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សម្រួលអនុគ្រោះដល់យោធិនពលី និងជនភៀសសឹក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១០ ធ្នូនេះ បានប្រកាសវិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា និងថៃ រួមមានការលើកលែងរាល់កម្រៃនិងការផាកពិន័យពាក់ព័ន្ធនឹងឥណទានចំពោះជនភៀសសឹក ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ និងលើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើមចំពោះយោធិន ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ និងការត្រូវលុបចោលឥណទានរហូតដល់ចំនួន ១០លានរៀល របស់អតិថិជនជាយោធិនពិការនៅសមរភូមិបច្ចុប្បន្ន និង៨០លានរៀល របស់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី។

ធនាគារជាតិនៃកម្ពុជា បានចេញវិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ឆ្លើយតបនឹងការអំពាវនាវរបស់សម្តេ ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិ ប្រយុទ្ធ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ធនាគារជាតិនៃកម្ពុជាសម្រេចដាក់ ចេញនូវសេចក្ដីណែនាំមួយចំនួន។

ក្នុងនោះ ធនាគារជាតិនៃកម្ពុជា ណែនាំឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះដល់អតិថិជនជាជនភៀសសឹក ដោយលើកលែងរាល់កម្រៃនិងការផាកពិន័យពាក់ព័ន្ធនឹងឥណទានចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ និងលើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើម ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ ចំពោះការអនុគ្រោះនេះ គ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ។

ចំពោះអតិថិជនជាយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ធនាគារជាតិនៃកម្ពុជា ណែនាំឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ លើកលែងរាល់កម្រៃនិងការផាកពិន័យពាក់ព័ន្ធនឹងឥណទាន និងលើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើម គិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦។ ចំពោះការអនុគ្រោះនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ។

បន្ថែមលើចំណុចទាំងពីរខាងលើនេះ ធនាគារជាតិនៃកម្ពុជា តម្រូវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ លុបចោលឥណទានរហូតដល់ចំនួន ១០លានរៀល ដល់អតិថិជនជាយោធិនពិការនៅសមរភូមិបច្ចុប្បន្ន និងលុបចោលឥណទានរហូតដល់ចំនួន ៨០លានរៀល ដល់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី។

បន្ថែមពីនេះ ធនាគារជាតិនៃកម្ពុជា តម្រូវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបន្តអនុវត្តការរៀបចំឥណទានឡើងវិញចំពោះអតិថិជនផ្សេងទៀត ស្របតាមបទប្បញ្ញត្តិជាធរមាន និង លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញាវត្ថុផ្តល់ការអនុគ្រោះពិសេសបន្ថែមទៀតតាមលទ្ធភាពជាក់ស្ដែងដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ និងយោធិនដែលធ្វើធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុត្រូវចូលរួមអនុវត្តសេចក្ដីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕


Khcct banner

អត្ថបទទាក់ទង