ថៃ៖ ដូចការគ្រោងទុកពិធីបើក កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ បានចាប់ផ្តើមជាផ្លូវការហើយ នៅថ្ងៃទី ៩ ធ្នូ ២០២៥។ពិធីបើករៀបចំឡើងក្រោមអធិបតីរបស់ស្តេចថៃ។ប៉ុន្តែពិធីបើកនេះ រងការរិះគន់យ៉ាងចាស់ដៃទាក់ទងនឹងការរៀបចំដែលមានបញ្ហាបច្ចេកទេស បានកើតឡើងជាច្រើនដង។
កាសែតវៀតណាម VnExpress បានឱ្យដឹងថា មានបញ្ហាបច្ចេកទេសបានកើតឡើងជាច្រើនដង ក្នុងកម្មវិធីស៊ីហ្គេមប្រទេសថៃ ដូចជា ការខកខានមិនចាក់បទគោរពភ្លេងជាតិ សម្រាប់ការប្រកួតដំបូងរវាង វៀតណាម និងឡាវ ដែលរងការរិះគន់ថា គ្មានការគោរព និងគ្មានវិជ្ជាជីវៈ។ ការបង្ហាញផែនទីវៀតណាមខុសដែលបាត់ឈ្មោះកោះ Trường Sa និង Hoàng Sa របស់វៀតណាមដែលសារព័ត៌មានវៀតណាម បានចាត់ទុកថា នេះមិនមែនជាកំហុសធម្មតាទេ ប៉ុន្តែជាបញ្ហាអធិបតេយ្យ ដែលប៉ះពាល់ដល់ស្មារតីជាតិ និងឥទ្ធិពលនយោបាយ។
កាសែតដដែលបន្តរាយការណ៍ថា ការបង្ហាញទង់ជាតិវៀតណាម ត្រូវបានដាក់ស្លាកថា “ថៃឡង់” ហើយបង្ហាញទង់ជាតិស៊ីងហ្គាពួរ ត្រូវបានដាក់ស្លាកថា “ឥណ្ឌូណេស៊ី”។ កំហុសទាំងនេះបង្ហាញពីការមិនប្រុងប្រយ័ត្ន និង ប៉ះពាល់ដល់ភាពជឿជាក់នៃការប្រកួតកីឡាអន្តរជាតិ។
ក្រុមការងារស៊ីហ្គេមថៃ បានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី១០ ធ្នូ លើគេហទំព័រហ្វេកប៊ុកផ្លូវការឈ្មោះថា SEA GAMES Thailand 2025 ដោយបានសុំទោស សម្រាប់រាល់កំហុសបច្ចេកទេសដែលបានកើតឡើង និង ព្យាយាមដោះស្រាយបញ្ហាទាំងនោះតាមមតិរិះគន់ដែលបានស្នើរឡើង។