681 ezgif.com resize
Swift cc time

រុស្ស៊ីផ្តល់អាហារូបករណ៍ ជាង៦០កន្លែង សម្រាប់និស្សិតកម្ពុជា បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងថ្នាក់ឯកទេស

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
រូបភាព៖ សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី

ភ្នំពេញ៖ រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីនឹងផ្តល់អាហារូបករណ៍ចំនួន ៤០-៦០កន្លែង ដល់សិស្ស និស្សិត និងមន្ត្រី រាជការកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងថ្នាក់ឯកទេស (Specialist) នៅសហព័ន្ធរុស្ស៊ីសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ អាហារូបករណ៍នឹងបន្តទទួលពាក្យដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។

យោងតាមសេចក្តីជូនដំណឹងនៃសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី បានឱ្យដឹងថា អាហារូបករណ៍នេះ មានផ្តល់ជូនដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងថ្នាក់ឯកទេស សម្រាប់មុខជំនាញសិក្សារួមមាន៖ ១ កន្លែង លើជំនាញសិល្បៈ វប្បធម៌ តូរ្យតន្ត្រី ចម្រៀង ឬ ភាពយន្ត , ៣ កន្លែង សម្រាប់មុខវិជ្ជាជំនាញនុយក្លេអ៊ែរស៊ីវិល និងជំនាញពាក់ព័ន្ធដូចជា៖ “Nuclear Energy and Technology", "Physics and Astronomy", "Chemistry", "Materials Technology", "Mechanical Engineering", "Chemical Technology", "Applied Geology", "Mining", "Oil and Gas Engineering”, and “Geodesy” ។ល។ អាហារូបករណ៍ ៤ កន្លែង សម្រាប់ការសិក្សាជំនាញ វេជ្ជសាស្ត្រ និង ៣២-៥២ កន្លែង សម្រាប់ជំនាញទូទៅដូចជា វិស្វកម្មយន្តហោះ វិស្វកម្មមេកានិច សំណង់ស៊ីវិល ច្បាប់ ស្ថាបត្យកម្ម ព័ត៌មានវិទ្យា ទំនាក់ទំនងអន្តរជាតិ វិទ្យាសាស្ត្រនយោបាយ សេដ្ឋកិច្ច គ្រប់គ្រង រដ្ឋបាល បរិស្ថាន កសិកម្ម ទេសចរណ៍ វិទ្យាសាស្ត្រអាហារូបត្ថម្ភ និងជំនាញចំនួនជាង ៥០០ជំនាញផ្សេងទៀត។

ឯកសារដែលបេក្ខជនត្រូវបំពេញរួមមាន លិខិតឆ្លងដែន (មានសុពលភាព ២ឆ្នាំ ៦ខែគិតត្រឹមថ្ងៃដាក់ពាក្យ), លិខិតពិនិត្យសុខភាពទូទៅ បញ្ជាក់ថាគ្មានជំងឺអេដស៍ ជំងឺថ្លើម និងជំងឺរបេងដែលចេញដោយនាយកដ្ឋាន សុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ឬដោយមន្ទីរពេទ្យរដ្ឋ, សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ (ភ្ជាប់ជាមួយព្រឹត្តិបត្រពិន្ទុការសិក្សា ប្រចាំឆ្នាំ សម្រាប់សញ្ញាបត្រដែលគ្មានបញ្ជាក់និទ្ទេស) សម្រាប់បេក្ខជនដែលស្នើសុំបន្តការសិក្សាថ្នាក់ បរិញ្ញាបត្រ ឬថ្នាក់ឯកទេស (Specialist), សញ្ញាបត្របរិញ្ញាបត្រ និងព្រឹត្តិបត្រពិន្ទុការសិក្សា សម្រាប់បេក្ខជនដែលស្នើសុំបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់, សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ និងព្រឹត្តិបត្រពិន្ទុការសិក្សា សម្រាប់បេក្ខជនដែលស្នើសុំបន្តការសិក្សាថ្នាក់ បណ្ឌិត, និងឯកសារជំនួយផ្សេងៗ រួមមាន៖ ប័ណ្ណសរសើរ ពានរង្វាន់ប្រឡង សញ្ញាបត្រភាសាបរទេស លិខិត ថ្លែងអំណរគុណ (ប្រសិនបើមាន)។ សមាគម បានគូសបញ្ជាក់ថាការបកប្រែសញ្ញាបត្រ ព្រឹត្តិបត្រពិន្ទុការសិក្សា រួមទាំងឯកសារពាក់ព័ន្ធត្រូវតែធ្វើឡើងនៅក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

បើតាមប្រភពដដែល ការដាក់ពាក្យស្នើសុំអាហារូបករណ៍ត្រូវធ្វើឡើងតាមរយៈគេហទំព័រ៖ https://education-in-russia.com/។ កាលបរិច្ឆេទការដាក់ពាក្យគឺចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ។ ក្រុមការងារព័ត៌មាន និងទំនាក់ទំនង នៃសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី នឹងធ្វើការសម្របសម្រួលព័ត៌មានអំពីការដាក់ពាក្យ អាហារូបករណ៍តាមរយៈបណ្តាញសង្គម Facebook: Association of Cambodian Student in the Russian Federation ។ សម្រាប់ព័ត៌មានលំអិត សូមទាក់ទងផ្ទាល់ជាមួយមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីប្រចាំនៅ កម្ពុជា ដែលមានអាសយដ្ឋាន៖ ផ្ទះលេខ១០៣ មហាវិថីព្រះនរោត្តម (ទល់មុខទីស្តីការក្រសួងអប់រំ យុវជន និងកីឡា) នៅរៀងរាល់ម៉ោងធ្វើការ៕


Khcct banner

អត្ថបទទាក់ទង