ភ្នំពេញ៖ ធុរកិច្ចថ្មី១ បង្កើតដោយយុវជន Bamnang Academy ត្រូវបានមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play ជ្រើសរើសក្នុងការវិនិយោគ និងមានបំណងជំរុញឱ្យទៅជាកម្រិតអន្តរជាតិ។ ការវិនិយោគនេះ គឺជាសមិទ្ធផលដ៏សំខាន់សម្រាប់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលរបស់កម្ពុជាដែលកំពុងរីកចម្រើន និងឆ្លុះបញ្ចាំងពីសមត្ថភាពលេចធ្លោរបស់ធុរជនកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។
លោក ជា វ៉ាន់ដេត បានបង្ហាញចំណាប់អារម្មណ៍ទាំងមោទនភាពថា “ការសម្រេចចិត្ត របស់ Plug and Play វិនិយោគលើ Bamnang Academy ស្ដែងឱ្យឃើញពីលទ្ធផលនៃកិច្ចខិតខំរបស់គ្រប់ភាគគីពាក់ព័ន្ធក្នុងការកសាងបរិយាកាសអំណោយផលសម្រាប់អ្នកមានសមត្ថភាពក្នុងការចាប់ឱកាសរីកចម្រើន ទាំងក្នុងស្រុង និងសាកលលោក។ ការវិនិយោគនេះគឺជាសមិទ្ធផលដ៏សំខាន់ សម្រាប់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលរបស់កម្ពុជាដែលកំពុងរីកចម្រើន និងឆ្លុះបញ្ចាំងពីសមត្ថភាពលេចធ្លោរបស់ធុរជនកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។
បន្ថែមពីនេះ ជ័យលាភីលេខ ២ នៃពានរង្វាន់រដ្ឋមន្ត្រីសម្រាប់ធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំ គឺ Bamnang Academy បានទទួលការវិនិយោគពីក្រុមហ៊ុន Plug and Play នៅយប់នៃកម្មវិធីប្រកាសពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ បន្ទាប់ពីបានធ្វើបទបង្ហាញផលិតផលរបស់ខ្លួន។
គួរបញ្ជាក់ថា Plug and Play គឺជាក្រុមពន្លឿនធុរកិច្ចថ្មី (Startup Accelerator) ដ៏ល្បីល្បាញបំផុតមួយក្នុងពិភពលោក ដែលមានស្នាដៃជួយស្ថាបនិកអាជីវកម្មដំណាក់កាលដំបូងឱ្យរីកចម្រើនក្លាយជា Unicorns (ធុរកិច្ចថ្មីដែលមាន តម្លៃសរុបលើសពី ១ ពាន់ លាន ដុល្លារ) ជាង 30 នៅទូទាំងពិភពលោក។ ក្រុមហ៊ុន Google ក៏បានពង្រីកខ្លួនចេញពីការគាំទ្ររបស់ Plug and Play ផងដែរ។ ប្រព័ន្ធអេកូឡូស៊ីរបស់ Plug and Play ភ្ជាប់ស្ថាបនិកអាជីវកម្មជាមួយអ្នកវិនិយោគធំៗ ដៃគូក្រុមហ៊ុន និងប្រឹក្សាយោបល់លំដាប់ពិភពលោក ដែលផ្ដល់មូលដ្ឋានរឹងមាំដល់ធុរកិច្ចថ្មីឱ្យពង្រីកអាជីវកម្មបានលឿនជាងមុន ច្នៃប្រឌិតដោយក្លាហាន និងឈានដល់សក្ដានុពលដែលមានតម្លៃរាប់ពាន់លានដុល្លារ៕