ថៃ៖ កងកម្លាំងការពារជាតិថៃកាលពីល្ងាចថ្ងៃទី ៦ ធ្នូ បានព្រមានថាពួកគេអាចអនុវត្តច្បាប់នៃការវាយប្រហារត្រឡប់ទៅកាន់មីយ៉ាន់ម៉ាវិញភា្លមៗប្រសិនបើស្ថានភាពនៅតាមតំបន់ក្នុងខេត្តតាកមិនថមថយវិញ។ ការប្រកាសរបស់ទាហានថៃធ្វើឡើងបន្ទាប់ពីមានការបាញ់ផ្លោងរបស់ក្រុមប្រដាប់អាវុធមីយ៉ាន់ម៉ា-និងជនជាតិភាគតិចបានបន្តវាយប្រហារចូលទៅកាន់ព្រំដែនថៃ បណ្តាលឱមានមនុស្សរបួសពីរនាក់ទៀត និងមនុស្សរស់នៅតំបន់ជម្លោះបង្ខំចិត្តជម្លៀសខ្លួនភ្លាមៗ។
យោងតាមកាសែតថៃ THE NATION មេបញ្ជាការកងកម្លាំងការពារជាតិថៃ ឧត្តមសេនីយ៍ Ukrit Boontanon បានធ្វើការព្រមានថា ប្រសិនបើឧប្បត្តិហេតុនេះកើតឡើងម្តងទៀត ច្បាប់នៃការចូលរួមវាយប្រហារត្រឡប់នឹងត្រូវបានអនុវត្តភ្លាមៗ រួមជាមួយនឹងការត្រៀមជម្លៀសប្រជាជនចេញពីតំបន់ដែលមានហានិភ័យខ្ពស់។
លោកបានបញ្ជាក់ថាលោកបានទទួលរបាយការណ៍ដំបូងដែលបង្ហាញថាការបាញ់ផ្លោងនេះបណ្តាលមកពីក្រុមប្រតិបត្តិការប្រយុទ្ធដែលកំពុងបន្តរវាងកងកម្លាំងរដ្ឋាភិបាលកណ្តាលមីយ៉ាន់ម៉ា និងយុទ្ធជនជនជាតិភាគតិច (ការ៉ែន)។ លោកបន្តទៀតថាការបាញ់ខុសទិសដៅបានបណ្តាលឲ្យគ្រាប់ផ្លោងឆ្លងចូលក្នុងទឹកដីថៃ និងបំផ្លាញផ្ទះសម្បែង និងប៉ះពាល់សុវត្ថិភាពរបស់ពលរដ្ឋថៃរស់នៅតាមបណ្តោយព្រំដែន។
លោកបានព្រមានចំៗថាប្រសិនបើរឿងនេះកើតឡើងម្តងទៀត យោធាថៃនឹងអនុវត្តច្បាប់នៃការប្រយុទ្ធឲ្យកាន់តែតឹងរ៉ឹង និងឆ្លើយតបទៅកាន់ទាហានមីយ៉ាន់ម៉ាវិញភ្លាមៗ។ លោកបានបន្ថែមថា ទោះបីជាមានអ្នករងរបួសក៏ដោយ ក៏មិនមានអ្នកស្លាប់ដែរ ហើយការត្រៀមខ្លួនកំពុងដំណើរការដើម្បីជម្លៀសជនស៊ីវិលចេញពីតំបន់ព្រំដែនដែលមានហានិភ័យខ្ពស់៕