681 ezgif.com resize
Swift cc time

ទឹកជំនន់ និងរអិលបាក់ដីសម្លាប់មនុស្សពីរនាក់នៅវៀតណាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ហាណូយ៖ ភ្លៀងធ្លាក់ខ្លាំងនៅប្រទេសវៀតណាមបានបង្កឱ្យមានទឹកជំនន់ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ពីរនាក់ និងបណ្តាលឱ្យមានការរអិលបាក់ដីជាងដប់កន្លែង នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានបញ្ជាក់នៅរសៀលថ្ងៃទី ៥ ខែ ធ្នូនេះ។

តាមសារព័ត៌មានរដ្ឋវៀតណាម Voice of Vietnam នៅភាគខាងត្បូង-កណ្តាលនៃប្រទេសវៀតណាមត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងជាច្រើនសប្តាហ៍ ដោយបានជន់លិចផ្ទះរាប់រយរាប់ពាន់ខ្នងនៅក្នុងតំបន់ទេសចរណ៍ឆ្នេរសមុទ្រដ៏ពេញនិយម និងបណ្តាលឱ្យមានការរអិលបាក់ដីដ៏សាហាវនៅតំបន់ភ្នំ។ ភ្លៀងធ្លាក់ខ្លាំងបានជន់លិចផ្ទះរាប់ពាន់ខ្នងបន្ថែមទៀតនៅក្នុងខេត្តឡាំដុងកាលពីថ្ងៃព្រហស្បតិ៍ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ពីរនាក់ដោយក្នុងនោះការរអិលបាក់ដីចំនួន ១៦ ករណីបានវាយប្រហារខេត្តខេត្តឡាំដុង ដោយបំផ្លាញផ្លូវថ្នល់ និងស្ពាន និងបង្ខំឱ្យមានការជម្លៀសផ្ទះរាប់រយខ្នង។

លោក Hoang Duc Cuong អនុប្រធាននាយកដ្ឋានឧតុនិយមវៀតណាមបានអះអាងថា ឆ្នាំ ២០២៥ គឺជាឆ្នាំដែលមានគ្រោះមហន្តរាយធម្មជាតិមិនធម្មតាបំផុតក្នុងប្រវត្តិសាស្ត្រវៀតណាមដោយមានព្យុះសរុបចំនួន ២១ រួមមានព្យុះទីហ្វុងចំនួន ១៥ និងព្យុះត្រូពិចចំនួន ៦ បានប៉ះពាល់ដល់ប្រទេសវៀតណាមនៅឆ្នាំនេះ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ ១៩៦១ មក។

ប្រទេសវៀតណាមក៏បានជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់យ៉ាងខ្លាំងក្លានៅឆ្នាំនេះ ដោយទឹកទន្លេបានកំណត់កម្រិតទឹកខ្ពស់ថ្មីពីតំបន់ភាគខាងជើងឆ្លងកាត់កណ្តាល និងចុះទៅដីសណ្តទន្លេមេគង្គខាងក្រោម។ តំបន់មួយនៃភាគកណ្តាលប្រទេសវៀតណាមបានកត់ត្រាទឹកភ្លៀងរហូតដល់ ១.៧៣៩ មីលីម៉ែត្រក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោង។ គ្រោះមហន្តរាយធម្មជាតិបានបណ្តាលឱ្យមនុស្សជាង ៤០០ នាក់ស្លាប់ និងបាត់ខ្លួននៅឆ្នាំនេះនៅប្រទេសវៀតណាម និងបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិជាង ៣,៦ ពាន់លានដុល្លារអាម៉េរិក៕

Khcct banner

អត្ថបទទាក់ទង