ប៉េកាំង៖ នាយករដ្ឋមន្ត្រីចិន លី ឆៀង កាលពីល្ងាចថ្ងៃទី ៤ ធ្នូ បានអញ្ជើញជួបប្រជុំជាមួយប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុងកំឡុងទស្សនកិច្ចជាផ្លូវការនៅទីក្រុងប៉េកាំង។ កិច្ចជួបរវាងនាយករដ្ឋមន្ត្រីចិន លី ឆៀង និងប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានបញ្ជាក់ពីការប្តេជ្ញារបស់ប្រទេសទាំងពីរក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ។ លោកលី បានសង្កត់ធ្ងន់ថា ចិននឹងពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យប្រពៃណី និងវិស័យថ្មីៗ ដូចជា បញ្ញាសិប្បនិម្មិត ការអភិវឌ្ឍន៍បៃតង និងសេដ្ឋកិច្ចមាស ព្រមទាំងលើកទឹកចិត្តឱ្យសហគ្រាសចិនវិនិយោគនៅបារាំង។
តាមការផ្សាយរបស់កាសែតចិន CCTV នាយករដ្ឋមន្រ្តីចិនលោកលី បានបញ្ជាក់ថា ចិនមានសេចក្តីស្មោះត្រង់ក្នុងការសហការជាមួយបារាំង ដើម្បីពង្រឹងការសម្របសម្រួលយុទ្ធសាស្ត្រក្នុងការអភិវឌ្ឃ ពង្រីកការបើកចំហពីរទិស និងរក្សានូវការធ្វើពាណិជ្ជកម្មដោយសេរី និងសកលភាវូបនីយកម្មសេដ្ឋកិច្ច។ លោកលី បានបន្ថែមថាចិននឹងពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យប្រពៃណីដូចជា អាកាសចរណ៍ វិស័យខាងអាវកាស និងថាមពលនុយក្លេអ៊ែរស៊ីវិល ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យថ្មីៗដូចជា បញ្ញាសិប្បនិម្មិត ការអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចមាស(សេដ្ឋកិច្ចមាស មានន័យថា ប្រព័ន្ធទំនិញ សេវាកម្ម និងគោលនយោបាយ ដែលត្រូវបានបង្កើតដើម្បីបំពេញតម្រូវការរបស់ប្រជាជនវ័យចាស់ ឱ្យរស់នៅល្អប្រសើរ)។ ចិនសង្ឃឹមថាបារាំងនឹងផ្តល់បរិយាកាសអាជីវកម្មយុត្តិធម៌ និងអំណោយផលដល់សហគ្រាសចិនក្នុងការវិនិយោគនៅបារាំង។
ជាការឆ្លើយតប ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក៏បានបង្ហាញបំណងក្នុងការពង្រឹងការផ្លាស់ប្តូរ និងការសន្ទនាជាមួយចិនគ្រប់កម្រិត ពង្រីកការបើកចំហពីរទិស និងវិនិយោគរួម ព្រមទាំងស្វែងរកទីផ្សារភាគីទី៣ និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម អាកាសចរណ៍ វិស័យអាវកាស ថាមពលនុយក្លេអ៊ែរស៊ីវិល និងថាមពលកកើតឡើងវិញ។