ភ្នំពេញ៖ ក្រុមកុមារី១០ក្រុម បានជាប់ការជម្រុះមកកាន់វគ្គផ្ដាច់ព្រ័ត្រ ក្នុងការប្រកួតប្រជែងថ្នាក់ជាតិឆ្នាំ២០២៥ “កម្មវិធីអប់រំបង្កើតហ្គេម” (National Game Jam 2025) នៅភ្នំពេញ ដែលក្នុងនោះរួមមានកុមារីមកពី តាកែវចំនួន៣ក្រុម ខេត្តសៀមរាបចំនួន២ក្រុម កំពង់ចាម២ក្រុម បាត់ដំបង១ក្រុម ស្វាយរៀង១ក្រុម និងកណ្តាល១ក្រុម។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍហ្គេមជាដំណោះស្រាយបញ្ហាក្នុងសហគមន៍ បានប្រែក្លាយពីអ្នកប្រើប្រាស់បច្ចេកវិទ្យាឱ្យទៅជាអ្នកបង្កើតថ្មីប្រកបដោយភាពច្នៃប្រឌិតនិងនវានុវត្តន៍ លើកកម្ពស់ការសិក្សាបែបសកម្ម ជាពិសេសលុបបំបាត់គម្លាតយេនឌ័រ។
ក្រសួងអប់រំ ក្រោមកិច្ចសហការជាមួយអង្គការយូនីសេហ្វ (UNICEF) បាននិងកំពុងអនុវត្តកម្មវិធីអប់រំបង្កើតហ្គេម (Game Changers Coalition) ដែលជាកម្មវិធីនវានុវត្តន៍បច្ចេកវិទ្យាផ្សារភ្ជាប់ការអប់រំនិងបំណិនជីវិត សម្រាប់លើកកម្ពស់ការអប់រំបែបឌីជីថល គាំទ្រដល់អាទិភាពនៃកំណែទម្រង់របស់ក្រសួង។ កម្មវិធីនេះ ក៏បានចូលរួមចំណែកលើកទឹកចិត្ត និងពង្រីកវិសាលភាពនៃការចូលរួមរបស់កុមារី ឱ្យចាប់យកការសិក្សាលើការអប់រំស្ទែម បច្ចេកវិទ្យានិងសហគ្រិនភាព ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍហ្គេមជាដំណោះស្រាយបញ្ហាក្នុងសហគមន៍ បានប្រែក្លាយពីអ្នកប្រើប្រាស់បច្ចេកវិទ្យាឱ្យទៅជាអ្នកបង្កើតថ្មីប្រកបដោយភាពច្នៃប្រឌិតនិងនវានុវត្តន៍ លើកកម្ពស់ការសិក្សាបែបសកម្មដែលជាតម្រូវការចាំបាច់សម្រាប់ការបរិវត្តកម្មអប់រំ ជាពិសេសលុបបំបាត់គម្លាតយេនឌ័រផងដែរ។
បើតាមប្រភពដដែល ក្រុមកុមារីទាំង១០ មានដូចជាក្រុមមកពីខេត្តសៀមរាបចំនួនពីរ គឺ សាលាបឋមសិក្សាកេសរារាម សាលាបឋមសិក្សាវត្តរាជបូណ៍ ខេត្តកំពង់ចាម មានចំនួនពីរក្រុម គឺ អនុវិទ្យាល័យអន្លង់អក វិទ្យាល័យហ៊ុនសែនពាមជីកង។ ខេត្តតាកែវ មានចំនួនបីក្រុមគឺ អនុវិទ្យាល័យ សុខ អាន ចំបក់បិទមាស, វិទ្យាល័យហ៊ុនសែន ១ មិថុនា, និងវិទ្យាល័យ សុខ អាន ត្រាំខ្នារ ។ ស្វាយរៀងមាន វិទ្យាល័យគោកព្រីង ចំណែកឯ បាត់ដំបងរួមមាន អនុវិទ្យាល័យខ្នាចរមាស ខេត្តកណ្តាល មានវិទ្យាល័យហ៊ុនសែនសេរីភាព។
សិស្សានុសិស្សដែលបានចូលរួមកម្មវិធីនេះនឹងទទួលបានចំណេះដឹង បំណិនសតវត្ស២១រួមមាន ការត្រិះរិះពិចារណា ការដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម ការសហការបង្កើតគំនិតច្នៃប្រឌិតបែបថ្មី ជំនាញបច្ចេកទេសក្នុងការសរសេរកូដ (Coding) និងការរចនា (Design) ជាដើម។ លើសពីនេះកម្មវិធីសិក្សាបែបថ្មីនេះ ជាការបោះជំហានដ៏សំខាន់មួយក្នុងការចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់កម្មវិធីអប់រំបច្ចេកវិទ្យាផ្ដល់នូវបរិយាកាសសិក្សាដែលកាន់តែទាក់ទាញ និងប្រកបដោយប្រសិទ្ធភាព៕