ភ្នំពេញ៖ និស្សិតកម្ពុជា៣រូប ត្រូវបានជ្រើសរើសចូលរួម«កម្មវីធីអ្នកបង្កើតមាតិកានៅអាស៊ាន i-SEA Fellowship Programme» ក្នុងចំណោមនិស្សិតចំនួន៤០រូប មកពីបណ្តាប្រទេសផ្សេងៗទៀតនៅអាស៊ីអាគ្នេយ៍ រួមមាន ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម។ យុវជនខ្មែរទាំងបីរូប នឹងបង្កើនសមត្ថភាពក្នុងការបង្កើតមាតិកា ដើម្បីអាចប្រើប្រាស់សម្លេងរបស់ខ្លួនក្នុងការបង្កើតឱ្យមានឥទ្ធិពលវិជ្ជមានក្នុងសង្គម។
យោងតាមគេហទំព័រផ្លូវការនៃសាកលវិទ្យាល័យ Nanyang Technological University យុវជនទាំង៤០រូប ត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាងពីបេក្ខជនជាង ៤៥០នាក់។ និស្សិតទាំង៤០រូប នឹងចាប់ផ្តើមសិក្សាមេរៀន ទទួលបានការនែនាំ និងជួបជាមួយអ្នកជំនាញមកពីបណ្តាស្ថាប័ននានា ដូចជា Google, Mediacorp, SPH Media, TikTok និងផ្សេងៗទៀត ដើម្បីអាចឈ្វេងយល់ពីប្រធានបទនានាពាក់ព័ន្ធនឹង ច្បាប់ប្រព័ន្ធផ្សព្វផ្សាយ ការបង្កើតមាតិកាប្រកបដោយសីលធម៌ គោលការណ៍សារព័ត៌មាន និងតួនាទី AI ក្នុងបរិយាកាសឌីជីថល។
បន្ថែមពីនេះ សិស្សនឹងចូលរួមកម្មវិធីនៅប្រទេសសិង្ហបុរីផ្ទាល់នៅថ្ងៃទី៨-១២ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីជួបជាមួយអ្នកធ្វើការក្នុងប្រព័ន្ធផ្សព្វផ្សាយ អ្នកអប់រំ អ្នកបង្កើតមាតិកា និងស្ថាប័នរដ្ឋនានានៅសិង្ហបុរី។ Nanyang Technological University ចាត់ទុកថា កម្មវិធី i-SEA Fellowship គឺជាការចាប់ផ្តើមនៃសហគមន៍អ្នកបង្កើតវ័យក្មេង ដែលត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលំហឌីជីថលដែលកំណត់ដោយសុចរិតភាព ភាពច្នៃប្រឌិត និងឥទ្ធិពលវិជ្ជមាន៕