ឡាវ៖ ប្រជាជននៃប្រទេសឡាវ កាលពីថ្ងៃទី ២ ធ្នូ បានរៀបចំពិធីដង្ហែក្បួនសាទរ«រថភ្លើងល្បឿនលឿន»ឡាវដែលតភ្ជាប់ទៅចិន ដែលជាថ្ងៃប្រារព្វទិវាខួបលើកទី៤ នៃការបើកដំណើរការរបស់ផ្លូវរថភ្លើងនេះ។ ក្នុងព្រឹត្តការណ៍នេះ មានភ្ញៀវទេសចរចូលរួមជាង ៦៤០០០០ នាក់ ពីប្រទេស និង តំបន់ជាង ១២០ រួមមាន ឡាវ ថៃ ម៉ាឡេស៊ី អាម៉េរិក និង ចក្រភពអង់គ្លេស បានធ្វើដំណើរតាមរថភ្លើងអន្តរជាតិឆ្លងដែនតាមខ្សែផ្លូវរថភ្លើងនេះ។
រថភ្លើងល្បឿនលឿន ឈ្មោះថា ឡានឆាង នៃផ្លូវរថភ្លើង ចិន-ឡាវ បានបង្ហាញខ្លួនជាលើកដំបូងក្នុងពិធីដង្ហែបុណ្យជាតិឡាវ នៅទីក្រុងវៀងច័ន្ទ ។
រថភ្លើងនេះ ត្រូវបានផលិតដោយក្រុមហ៊ុន CRRC របស់ចិន (ក្រុមហ៊ុន CRRC Corporation Limited) ដែលជាក្រុមហ៊ុនផលិតរថភ្លើង និង ឧបករណ៍ផ្លូវរថភ្លើងធំជាងគេបំផុតនៅលើពិភពលោក ហើយជាឆ្អឹងខ្នងនៃឧស្សាហកម្មផ្លូវរថភ្លើងរបស់ចិន។
យោងតាមរបាយការណ៍ពីអាជ្ញាធរឡាវ ចាប់តាំងពីការបើកដំណើរការ ផ្លូវរថភ្លើងនេះ បានដឹកជញ្ជូនអ្នកដំណើរជាង ៦២.៥ លានដង និង ដឹកទំនិញជាង៧២.៥ លានតោន ដែលបានផ្ដល់គុណសម្បត្តិជាច្រើន ដូចជាកាត់បន្ថយពេលវេលាធ្វើដំណើរ កាត់បន្ថយចំណាយសម្រាប់ការដឹកជញ្ជូនបានយ៉ាងច្រើន។
ការចំណាយដឹកជញ្ជូនពីទីក្រុង Kunming នៅ ខេត្តយូណាន ភាគនិរតីរបស់ចិន ទៅប្រទេសថៃតាមរយៈប្រទេសឡាវ បានកាត់បន្ថយការចំណាយពី ៣០ ទៅ ៥០ ភាគរយ ខណៈការចំណាយសម្រាប់ការដឹកជញ្ជូនក្នុងប្រទេសឡាវ ថយចុះ ពី២០ ទៅ ៤០ ភាគរយ។
បន្ថែមពីនេះ រថភ្លើងល្បឿនលឿន ជំរុញឧស្សាហកម្មទេសចរណ៍ ដោយអាជ្ញាធររថភ្លើងចិន និងឡាវ សហការជាមួយក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ ដាក់ឱ្យប្រើប្រាស់នូវគោលនយោបាយឆ្លងដែនដោយមិនចាំបាច់មាន VISA និង អភិវឌ្ឍភាពជាគំរូ ក្នុងកិច្ចសហការសម្របសម្រួល ដោយដាក់បង្ហាញពី រថភ្លើង វប្បធម៌ និង ទេសចរណ៍។