681 ezgif.com resize
Swift cc time

និស្សិតឥណ្ឌូនេស៊ីបានជ័យលាភីលេខ១ ខណៈកម្ពុជាបានពាន Best Pitching Award ក្នុងការប្រកួតគំនិតនវានុវត្តន៍ថ្មី

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ យុវជនឥណ្ឌូនេស៊ីបានជ័យលាភីលេខ១ ក្នុងការប្រកួតគំនិតនវានុវត្តន៍ថ្មី (UNIIC Demo Day) ចំណែកយុវជនកម្ពុជាមកពីសាកលវិទ្យាល័យខេមតិចបានពានរង្វាន់ Best Pitching Award ក្នុងចំណោមសាកលវិទ្យាល័យចំនួន១៤ មកពីប្រទេសចំនួន៩ផ្សេងគ្នារួមមាន កម្ពុជា ឥណ្ឌូនេស៊ី អាម៉េរិកខាងត្បូង កូរ៉េខាងត្បូង វៀតណាម ហ្វីលីពីន ម៉ាឡស៊ី ឥណ្ឌា និងប្រទេសUzbekistan។ កម្មវិធីប្រកួតគំនិតនវានុវត្តន៍ថ្មី UNIIC Demo Day ប្រព្រឹត្តទៅនៅថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២៥ នៅភ្នំពេញ។

កម្មវិធីUNIIC Demo Day ជាកម្មវិធីប្រកួតគំនិតនវានុវត្តន៍ថ្មី ដែលមានការចូលរួមពីបណ្តានិស្សិតចំនួន១៤ក្រុម មកពីប្រទេសផ្សេងៗគ្នាចំនួន៩មកប្រកួតគ្នានៅលើទឹកដីកម្ពុជារយៈពេលពីរថ្ងៃ នៅសាលសន្និសីទនៃសាកលវិទ្យាល័យខេមតិច ដោយសិស្សបានលើកយកគំនិតពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ បច្ចេកវិទ្យាអប់រំ បច្ចេកវិទ្យានិងកសិកម្ម ព្រមទាំងប្រតិបត្តិការអាជីវកម្ម។ ក្រុមទាំង១៤ បានប្រកួតយ៉ាងស្វាត់ស្វាញ ដោយមានវត្តមានគណៈកម្មការវាយតម្លៃមកពី៥ប្រទេសផ្សេងគ្នា រួមមាន កម្ពុជា កូរ៉េខាងត្បូង ហ្វីលីពីន ម៉ាឡេស៊ី និងឥណ្ធា។

កម្មវិធីប្រកួត UNIIC Demo Day មានការចូលរួមពីថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិសិ្សតចំនួន150នាក់ មកពីសាកលវិទ្យាល័យជាតិ និងអន្តរជាតិចំនួន១៦ រួមមាន៖ តំណាងពីប្រទេសកម្ពុជា៖ សាកលវិទ្យាល័យខេមតិច និងសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ប្រទេសឥណ្ឌូណេស៊ី ប្រទេសអាហ្វ្រិកខាងត្បូង ប្រទេសកូរ៉េខាងត្បូង ប្រទេសអ៊ូសបេគីស្ថាន ប្រទេសឥណ្ឌា ប្រទេសវៀតណាម ប្រទេសភីលីពីន និងប្រទេសម៉ាឡេស៊ី។ កម្មវិធីនេះ មានគោលបំណងបង្ហាញគម្រោងអាជីវកម្មប្រកបដោយគំនិតច្នៃប្រឌិត នវានុវត្តន៍ក្នុងតំបន់ និងប្រព័ន្ធអេកូឡូស៊ីនៃប្រទេសកម្ពុជា និងថ្នាក់តំបន់។ បន្ថែមពីនេះ ជំរុញបណ្តាញទំនាក់ទំនងរវាងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យដែលមកពីប្រទេសផ្សេងៗគ្នា ក៏ដូចជា ពង្រឹងនូវនវានុវត្តន៍ និងគាំទ្រសហគ្រិនវ័យក្មេងក្នុងប្រទេស និងតំបន់។ នេះ ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ដែលជំរុញឲ្យយុវជនជំនាន់ក្រោយក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យានាពេលអនាគត និងនាំយកកម្ពុជាឆ្ពោះទៅរកធុរៈកិច្ចថ្មី។

ជាលទ្ធផល ជ័យលាភីនៃការធ្វើបទង្ហាញល្អ បានទៅលើក្រុម Tokkatot, មកពី CamTech University ប្រទេសកម្ពុជា។ ជ័យលាភីនៃ Most Favorite startup បានទៅលើក្រុម Xeed (Bus2Go), Adamson University, ប្រទេសភីលីពីន។ ជ័យលាភីទី១ ក្រុម Ekspora, Universitas Trisakti, ប្រទេសឥណ្ឌូណេស៊ី, ជ័យលាភីទី២ ក្រុម Cuhati, Tra Vinh University , ប្រទេសវៀតណាម, និង ជ័យលាភីទី៣ ក្រុម Hiblaa, Occidental Mindora State University ប្រទេសភីលីពីន។

គួរបញ្ជាក់ថា កម្មវិធីUNIIC Demo Day និងសន្និសីទ ASIP ប្រចាំឆ្នាំលើកទី១៥ ប្រព្រឹត្តទៅរយៈពេលពីរថ្ងៃនៅភ្នំពេញ រៀបចំឡើងដោយសាកលវិទ្យាល័យខេមតិច មានការគាំទ្រពីសហគ្រិនខ្មែរ។ កម្មវិធីនេះ មានតំណាងសាកលវិទ្យាល័យចំនួន១៤ ដែលមកពីប្រទេសចំនួន៩ផ្សេងគ្នាចូលរួម រួមមាន តំណាងពីប្រទេសកម្ពុជា៖សាកលវិទ្យាល័យជាតិកំចាយមារ និងសាកលវិទ្យាល័យខេមតិច, ប្រទេសឥណ្ឌូណេស៊ី៖ Universitas Trisakti និងUniversitas Multimedia Nusantara , ប្រទេសអាមេរិកខាងត្បូង៖ University of Mpumalanga Sefako និងMakgatho Health Sciences University, ប្រទេសកូរ៉េខាងត្បូង៖ Asian Society of Innovation & Policy, ប្រទេស Uzbekistan៖ Millat Umidi University, ប្រទេសឥណ្ឌា៖ Coimbatore Institute of Technology, ប្រទេសវៀតណាម៖ Tra Vinh University និងHung Vuong University Ho Chi Minh City, ប្រទេសភីលីពីន៖ Western Philippines University Mindoro State University Adamson University និង Occidental Mindoro State College, និង ប្រទេសម៉ាឡេស៊ី៖ Asia Pacific University of Technology & Innovation៕


Khcct banner

អត្ថបទទាក់ទង