ហុងកុង៖ រដ្ឋបាលក្រុងហុងកុងនៅថ្ងៃទី ២ ធ្នូនេះបានសម្រេចប្រកាសផ្តល់សំណងក្នុងទំហំទឹកប្រាក់ប្រមាណ ចំនួន ២០,០០០ ដុល្លារហុងកុង (២,៥៧០ ដុល្លារអាមេរិក) ជូនដល់និស្សិត កម្មករ និងអ្នកបម្រើការងារក្នុងអគារដែលរងផលប៉ះពាល់ដោយអគ្គីភ័យដ៏សាហាវឆាបឆេះអគារ ៣១ជាន់ក្នុងទីក្រុងហុងកុង។ ក្នុងនោះគ្រួសារដែលស្លាប់ទទួលបានសំណងប្រមាណ ៥ម៉ឺនដុល្លារហុងកុង ( ៦៤២០$) ។
យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលក្រុងហុងកុងមូលនិធិគាំទ្រសម្រាប់អ្នករងគ្រោះដោយភ្លើងឆេះក្នុងតំបន់ Tai Po ដែលបង្កើតឡើងដោយរដ្ឋាភិបាល បានទទួលអំណោយសាធារណៈជនចំនួន ១,៣ ពាន់លានដុល្លារហុងកុង និង ៣០០ លានដុល្លារហុងកុងពីរដ្ឋាភិបាល ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ១,៦ ពាន់លានដុល្លារហុងកុង (205,440,160$) មូលនិធិនេះនេះធានាថា ជនរងគ្រោះទាំងអស់នឹងទទួលបានជំនួយហិរញ្ញវត្ថុ ការលើកលែងថ្លៃព្យាបាល និងសេវាកម្មប្រឹក្សាផ្លូវចិត្តឱ្យបានសមស្រប និងត្រឹមត្រូវ។
គួរកត់សម្គាល់ថាគិតត្រឹមថ្ងៃអង្គារនេះអ្នករងគ្រោះពីអគ្គិភ័យកាលពីថ្ងៃសៅរិ៍សប្តាហ៍មុននៅតំបន់ Wang Fuk Court ក្នុងទីក្រុង Tai Po បានផ្តាច់ជីវិតមនុស្សសរុប ១៥១ នាក់ ក្នុងនោះមានអ្នករងរបួស ៧៩ នាក់ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិរាប់សិបលានដុល្លារអាម៉េរិក។ ដើម្បីកាន់ទុក្ខនៃសោកនាដកម្មនេះ រដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង បានណែនាំឱ្យបង្ហូតទង់ជាតិពាក់កណ្តាលដង ចាប់ពីថ្ងៃសៅរ៍ ដល់ថ្ងៃចន្ទ ហើយក្នុងអំឡុងពេលនេះ មន្ត្រីរដ្ឋាភិបាល នឹងមិនចូលរួមសកម្មភាពសាធារណៈដែលមិនចាំបាច់។ចំណែកឯ សកម្មភាពកម្សាន្ត និង អបអរសាទរទាំងអស់ដែលរៀបចំ ឬផ្តល់មូលនិធិដោយរដ្ឋាភិបាលត្រូវបានលុបចោល ឬពន្យារពេលឱ្យបានសមស្រប។ជាមួយគ្នានោះ រដ្ឋាភិបាលបានបង្កើតទីតាំង ដើម្បីចូលរួមរំលែកទុក្ខជាច្រើនកន្លែងនៅក្នុងស្រុកទាំង ១៨ នៃទីក្រុង ដែលអនុញ្ញាតឱ្យសាធារណជនចុះហត្ថលេខាលើសៀវភៅចូលរួមរំលែកទុក្ខ និង កាន់ទុក្ខដល់ជនរងគ្រោះ៕