ភ្នំពេញ៖ កម្មវិធីសេចក្តីថ្លៃថ្នូរកម្ពុជា នឹងបង្ហាញស្នាដៃសិល្បករវ័យក្មេងចំនួន ៧ ក្រុម ឆ្លុះបញ្ចាំងពី«សិល្បៈដើម្បីសមភាពយេនឌ័រ» នាថ្ងៃសៅរ៍ ទី០៦ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៤រសៀល ដល់ ម៉ោង ៧ល្ងាច នៅទីតាំង ម្លប់ - Maloop។ កម្មវិធីនេះរៀបចំឡើងដោយ NGO-CEDAW ជារៀងរាល់ឆ្នាំដើម្បីរួមចំណែក ក្នុងការប្រារព្ធយុទ្ធនាការ ១៦ ថ្ងៃនៃសកម្មភាពប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ និងទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំ ចាប់ពីខែវិច្ឆិកា ដល់ ខែធ្នូ។
កម្មវិធីសេចក្តីថ្លៃថ្នូរកម្ពុជា ជាកម្មវិធីប្រចាំឆ្នាំរបស់ NGO-CEDAW ដែលបង្កើតឡើងតាំងពីឆ្នាំ ២០១៥ ក្រោមការផ្តួចផ្តើមគំនិតពីអ្នកនាង ម៉ូណា ស៊ីម៉ន់ អ្នកនាងជាអ្នកសិល្បៈករជំនាញផ្នែកច្នៃប្រឌិតរូបភាព ។ កម្មវិធីនេះរៀបចំឡើងជារៀងរាល់ឆ្នាំដើម្បីរួមចំណែក ក្នុងការប្រារព្ធយុទ្ធនាការ ១៦ ថ្ងៃនៃសកម្មភាពប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ និងទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំ ចាប់ពីខែវិច្ឆិកា ដល់ ខែធ្នូ។ កម្មវិធីនេះធ្វើឡើងដើម្បីផ្តល់ឱកាសដល់សិល្បៈករអោយប្រើប្រាស់ការស្រមើលស្រមៃ ទេពកោសល្យ និងគំនិតច្នៃប្រឌិតផ្ទាល់ខ្លួនបង្កើតជាស្នាដៃសិល្បៈដើម្បីលើកកម្ពស់ការយល់ដឹង និងឆ្លុះ បញ្ចាំងទស្សនវិស័យថ្មីលើប្រធានបទដែលពាក់ព័ន្ធលើអំពើហិង្សាផ្អែកលើយេនឌ័រ ការផ្តល់អំណាចដល់ស្រ្តី ក្មេងស្រី ការលើកកម្ពស់សមភាពយេនឌ័រ នៅក្នុងចិត្តរបស់ប្រជាជនកម្ពុជា ។
សម្រាប់ឆ្នាំ ២០២៥ នេះ NGO-CEDAW បានគាំទ្រសិល្បករជាតិវ័យក្មេងប្រកបដោយទេពកោសល្យចំនួន ៧ ក្រុម ក្នុងចំណោមអ្នកដាក់ពាក្យជាច្រើននាក់។ សិល្បៈច្នៃប្រឌិតទាំង ៧ នេះ រួមមាន៖
1. ស្នាដៃសិល្បៈគូរមុខ៖ បង្ហាញអំពីបទពិសោធន៍ ការរើសអើង ការបំពាន និងវាយតម្លៃមកលើភេទ។ ប៉ុន្តែរបួសស្នាមផ្លូវចិត្ត និងកាយទាំងនោះនឹងមិនអាចបាត់ឡើយ ប្រសិនបើយើងមិនផ្ដល់ឱកាសអោយខ្លួនឯង កែតម្រូវវា អោយជាសះស្បើយ ដោយកុំបោះបង់ខ្លួនឯង។ គោលបំណងដ៏ធំ គឺចង់ជម្រុញទឹកចិត្តអ្នក អោយប្រឈមនឹងបញ្ហារ ហើយយកស្នាមរបួសទាំងនោះប្រែក្លាយវាអោយទៅជារឿងល្អៗសម្រាប់ខ្លួនឯងវិញ។ អ្នកនៅតែមានតម្លៃ ទោះអ្នកជាអ្វី រឺភេទណាក៏ដោយ។ ផលិតដោយ វ៉ាត វ៉ាន់
2. គំនូរ Canva៖ បង្ហាញពីបទពិសោធន៍ដែលបានឃើញផ្ទាល់ភ្នែកនូវទង្វើមិនល្អផ្សេងៗដែលប្រព្រឹត្តដោយមនុស្សគ្រប់យេនឌ័រ ទាំងក្នុងការពិភាក្សាមួយទល់មួយ ប្រព័ន្ធបណ្តាញសង្គម និងការឃើញជនរងគ្រោះដោយផ្ទាល់។ សិល្បៈករចង់ ប្រើសំឡេងរបស់ខ្លួន នៅក្នុងស្នាដៃនេះដើម្បីផ្សព្វផ្សាយការយល់ដឹង តស៊ូមតិដើម្បីសមភាពយេនឌ័រ និងគាំទ្រដល់ជនរងគ្រោះ។ ផលិតដោយ សារឿន រ័ត្នរីតា
3. គំនូរឌីជីថល និងវីដេអូ៖ គំនូរជីវចលនេះនិយាយអំពីការរំពឹងទុកផ្នែកយេនឌ័រដែលក្មេងស្រី និងយុវនារីនៅក្នុងប្រទេសកម្ពុជាជួបប្រទះ ជាពិសេសអ្នកដែលចាប់អារម្មណ៍លើ STEM។ តាមរយៈរឿងនេះ វាបង្ហាញពីក្មេងស្រីម្នាក់ដែលត្រូវបានគេប្រាប់ឱ្យធ្វើតាមតួនាទីប្រពៃណី ប៉ុន្តែជ្រើសរើសធ្វើតាមក្តីស្រមៃរបស់នាងវិញ។ ផលិតដោយ នង សុវណ្ណម៉ានិច
4. សិល្បៈរូបបត់៖ បង្កើតឡើងដើម្បីស្វែងយល់រឿងរ៉ាវដែលជារឿយៗមិនត្រូវបានរៀបរាប់ និងផ្តល់សំឡេងដល់អ្នកដែលរងផលប៉ះពាល់ដោយស្ងៀមស្ងាត់។ ទាំងស្ត្រី និងបុរសរងផលប៉ះពាល់ ដោយស្ត្រីតែងតែទទួលរងនូវបន្ទុកដែលមិនអាចនិយាយចេញបាន និងបុរសត្រូវបានគាបសង្កត់ដោយការរំពឹងទុករបស់សង្គមជុំវិញការប្រើប្រាស់គ្រឿងស្រវឹង។ ផលិតដោយ ចក សុខគីម
5. កូនសៀវភៅណែនាំ៖ ដែលប្រើពាក្យពេចន៍សាមញ្ញ ងាយយល់ និងពេញទៅដោយការច្នៃប្រឌិត ដើម្បីបង្ហាញកុមារអំពី “ដែនកំណត់ផ្ទាល់ខ្លួន”។ តាមរយៈតួអង្គក្មេងស្រី និងមិត្តដែលជាទន្សាយនិងសុនខ និងការសន្ទនាសាមញ្ញៗរបស់ពួកគេ កុមារតូចៗ រៀនស្គាល់អារម្មណ៍របស់ខ្លួន ប្រាប់ពីអ្វីដែលធ្វើឱ្យពួកគេមិនស្រួលក្នុងចិត្ត និង គោរពដែនកំណត់របស់អ្នកដទៃ។ ផលិតដោយ ធីម រចនា និង ញីប សុជាត
6. សិល្បៈក្រណាត់ 3D៖ ស្នាដៃនេះឆ្លុះបញ្ចាំង ក្នុងសង្គមគ្រួសារប្ដីនិងប្រពន្ធដែលមានបន្ទុកការងារដូចគ្នា ប៉ុន្តភាគច្រើនបុរសមានការប្រកាន់ការងារក្នុងផ្ទះ និងមិនជួយសម្រាកបន្ទុកប្រពន្ធ។ ផលិតដោយ ផុន ដុល្លា - ស៊ាប សំណាង
7. ល្ខោននិយាយ៖ ឆ្លុះបញ្ចាំងពីតថភាពក្នុងសង្គមខ្មែរ ជាពិសេសនៅតាមជនបទក្មេងស្រីភាគច្រើន មិនសូវបានរៀនសូត្របានច្រើននោះទេ ក្មេងស្រីមួយចំនួនរៀនមិនបានចប់ មួយចំនួនទៀតបានឈប់រៀនហើយរៀបការទាំងវ័យក្មេង។ ផលិតដោយ ឈាង បញ្ញា
គួរបញ្ជាក់ថា កម្មវិធីសេចក្តីថ្លៃថ្នូរកម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងរបស់សាធារណជនអំពីបញ្ហាអំពើហិង្សាផ្អែកលើយេនឌ័រ និងពង្រឹង នឹងផ្តល់ភាពអង់អាចដល់ស្ត្រី ក្មេងស្រី និងគ្រប់និន្នាការយេនឌ័រផ្សេងទៀត និងដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការរយៈពេល ១៦ ថ្ងៃនៃភាពសកម្មនិយមប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រនៅកម្ពុជា៕