ថៃ៖ កងកម្លាំងការ៉ែនរបស់មីយ៉ាន់ម៉ាបានបន្តផ្លោងគ្រាប់ធ្លោយចូលទឹកដីរបស់ថៃកាលពីយប់ថ្ងៃទី ១ ខែ ធ្នូ ដោយការវាយប្រហាររវាងកងកម្លាំងរដ្ឋាភិបាល និងកងកម្លាំងការ៉ែននៅជាប់ព្រំដែនខេត្តតាករបស់ថៃបានបង្ខំឱ្យអាជ្ញាធរថៃបិទសាលារៀនមួយចំនួននៅតំបន់ព្រំដែន និងរឹតបន្តឹងសន្តិសុខតាមបណ្តោយព្រំដែនជាមួយមីយ៉ាន់ម៉ា បន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងសាហាវអស់រយៈពេលជាច្រើនថ្ងៃនៅទូទាំងព្រំដែនដោយមានពលរដ្ឋថៃប្រមាណ ៤ នាក់រងរបួសធ្ងន់ស្រាល។
យោងតាមការចេញផ្សាយដោយកាសែតថៃខោស៊តបានបញ្ជាក់ថាឧត្តមសេនីយ៍ឯក ម៉ៃទ្រី ជូព្រីឆា មេបញ្ជាការកងកម្លាំងណារេសួន បានបញ្ជាឱ្យបិទច្រកព្រំដែនក្រៅផ្លូវការទាំងអស់នៅក្នុងខេត្តតាក និងផ្អាកការប្រើប្រាស់កំពង់ផែក្នុងស្រុក បន្ទាប់ពីមានការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងនៅក្នុងទីប្រជុំជនតំបន់មីយ៉ាវ៉ាឌីក្នុងប្រទេសមីយ៉ាន់ម៉ា។ លោកបន្តទៀតថាចលនាផ្ទុះអាវុធនេះបានបន្តកើតឡើងបន្តបន្ទាប់ក្រោយពីគ្រាប់កាំភ្លើងត្បាល់ចំនួនប្រាំគ្រាប់ដែលមិនស្គាល់ប្រភពជាច្រើនគ្រាប់បានធ្លាក់ចូលទៅក្នុងប្រទេសថៃកាលពីចុងសប្តាហ៍ ដោយបានបំផ្លាញផ្ទះមួយខ្នង និងធ្វើឱ្យក្មេងប្រុសមីយ៉ាន់ម៉ាម្នាក់រងរបួស ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យម៉ែសត។
ប្រភពដដែលអះអាងទៀតថាចាប់តាំងពីចុងថ្ងៃអាទិត្យរហូតដល់ដើមថ្ងៃចន្ទ ទីភ្នាក់ងារសន្តិសុខថៃបានទទួលរបាយការណ៍ថា កងទ័ពយោធាមីយ៉ាន់ម៉ាមួយចំនួនធំដែលប្រដាប់ដោយអាវុធធុនធ្ងន់បាននាំគ្នាសម្រុកទៅកាន់ទីតាំងប្រឆាំងរបបក្រុមផ្តាច់ខ្លួននៅជិតមូលដ្ឋានប៉ាសាក់ នៅច្រកចូលភូមិមីនឡាប៉ា ក្នុងតំបន់មីយ៉ាវ៉ាឌី ទល់មុខភូមិម៉ែកូនកែន ក្នុងស្រុកម៉ែសត។ ការប្រយុទ្ធគ្នានេះបានបណ្តាលឱ្យបំណែកគ្រាប់បែក និងគ្រាប់កាំភ្លើងធ្លាក់ចូលទឹកដីរបស់ថៃនិងបំផ្លាញផ្ទះសម្បែង។
ជាការឆ្លើយតបមេបញ្ជាការក្នុងតំបន់រងគ្រោះរបស់ថៃបានបញ្ជាឱ្យបាញ់គ្រាប់បំភ្លឺចំនួនបួនគ្រាប់ពីកាំភ្លើងត្បាល់ ១២០ មីលីម៉ែត្រ ជាសញ្ញាព្រមានដល់កងកម្លាំងមីយ៉ាន់ម៉ាថា គ្រាប់រំសេវធ្ងន់បានធ្លាក់មកលើដីថៃ។ អង្គភាពសន្តិសុខថៃ រួមទាំងក្រុមការងារ Naresuan ក្រុមការងារពិសេសរបស់ថៃបានបន្តពង្រឹងទីតាំងឈរជើងយាមកាមបន្ថែមតាមបណ្តោយព្រំដែន និងកំពុងរក្សាការល្បាត ២៤ ម៉ោង៕