ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី០១ធ្នូនេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងក្តីអាណិតអាសូរគោរពជូន លោកស្រី ពាន់ ម៉ាហារ៉ានី (Puan Maharani) ប្រធានរដ្ឋសភាឥណ្ឌូនេស៊ី និងជូនចំពោះ ក្រុមគ្រួសារនៃសព ដែលបានបាត់បង់សមាជិកក្រុមគ្រួសារជាទីស្រឡាញ់ និងក្រុមគ្រួសារដែលរងគ្រោះមហន្តរាយធម្មជាតិ នៃទឹកជំនន់ និងការបាក់ស្រុតដីដ៏ធ្ងន់ធ្ងរ នៅកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី ដែលបណ្តាលឲ្យប្រជាពលរដ្ឋឥណ្ឌូនេស៊ីបាត់បង់ជីវិត រងរបួស បាត់ខ្លួន និងប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារទៀតត្រូវជម្លៀសចេញពីលំនៅឋាន ព្រមទាំងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ថែមទៀតផង។
ក្នុងស្មារតីនៃសាមគ្គីភាពជាមួយប្រជាពលរដ្ឋ និងរដ្ឋាភិបាលឥណ្ឌូនេស៊ី ក្នុងអំឡុងពេលដ៏លំបាកនេះ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា សូមជូនពរដល់ពលរដ្ឋ និងសហគមន៍ដែលទទួលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះ សូម ឆាប់ទទួលបាននូវសេចក្តីសុខ និងប្រក្រតីភាពឡើងវិញ៕