681 ezgif.com resize
Swift cc time

ថៃប្រកាសបិទព្រំដែនជាមួយមីយ៉ាន់ម៉ា ក្រោយប៉ះទង្គិចគ្នារបួសពលរដ្ឋថៃ៤នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ថៃ៖ អាជ្ញាធរថៃនៅរសៀលថ្ងៃទី១ ខែ ធ្នូ នេះបានប្រកាសបិទច្រកព្រំដែនថៃ-មីយ៉ាន់ម៉ាស្ថិតក្នុងខេត្តតាជាបណ្តោះអាសន្នបន្ទាប់ពីមីយ៉ាន់ម៉ាបានផ្លោងគ្រាប់ និងចូលក្នុងទឹកដីថៃដែលបណ្តាលឲ្យពលរដ្ឋថៃប្រមាណ ៤ នាក់រងរបួសធ្ងន់ស្រាលកាលពីថ្ងៃអាទិត្យ។ ភ្លាមៗមុនការប្រកាសបិទច្រកព្រំដែនដោយឯកតោភាគីជាមួយមីយ៉ាន់ម៉ាថៃបានបាញ់កាំភ្លើងធំជាច្រើនគ្រាប់ទៅកាន់មីយ៉ាន់ម៉ាវិញដើម្បីជាការព្រមាន និងបានព្រមានថានឹងធ្វើការឆ្លើយតបទៅវិញបើស្ថានភាពមិនថមថយ។

យោងតាមកាសែតថៃ THE NATION ការប៉ះទង្គិចគ្នារវាងកងពលតូចលេខ ៦ នៃកងកម្លាំងផ្តាច់ខ្លួនការ៉ែន (KNU) និងកងពលតូចលេខ ២២ យោធាមីយ៉ាន់ម៉ា នៅក្នុងទីប្រជុំជន Myawaddy រដ្ឋការ៉ែនទល់មុខស្រុកម៉ែស៊ត ក្នុងខេត្ត តាក របស់ថៃបានបន្តកើនឡើងកាន់តែខ្លាំងកាលពីថ្ងៃអាទិត្យ (ថ្ងៃទី ៣០ ខែវិច្ឆិកា) ដោយផ្ទុះអាវុធពេញមួយយប់ ជាមួយនឹងការបាញ់កាំភ្លើងធ្ងន់ៗជាច្រើនដែលគ្រាប់ផ្លោងចូលក្នុងប្រទេសថៃនិងបណ្តាលឲ្យពលរដ្ឋថៃបានរងរបួស។

កាសែតដដែលបានបញ្ជាក់ទៀតថាភាគីទាំងពីរទាំងក្រុមផ្តាច់ខ្លួន និងទាហានរដ្ឋាភិបាលមីយ៉ាន់ម៉ាបានបន្តបាញ់កាំភ្លើងត្បាល់ ៦០មីលីម៉ែត្រ និង ១២០មីលីម៉ែត្រ ជាបន្តបន្ទាប់ រួមជាមួយនឹងការវាយប្រហារម្តងហើយម្តងទៀតដោយប្រើយន្តហោះគ្មានមនុស្សបើក (drone) ដើម្បីទម្លាក់គ្រឿងផ្ទុះលើទីតាំងយុទ្ធសាស្ត្រជាច្រើន។

ដើម្បីឆ្លើយតបទៅនឹងអរិភាពដែលកំពុងកើនឡើង មេបញ្ជាការភូមិភាគ ៣ បានសម្រេចចេញបញ្ជាឱ្យបិទចំណុចឆ្លងកាត់តាមបណ្តោយព្រំដែនរយៈពេលប្រាំពីរថ្ងៃ ដើម្បីការពារជីវិតពលរដ្ឋថៃដែលរស់នៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា៕

Khcct banner

អត្ថបទទាក់ទង