កូឡាឡាំពួ៖ លោកស្រី រស់ រតនៈ ដែលត្រូវបានគេស្គាល់ថា Chef Nak នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានទទួលពានរង្វាន់«អ្នកនិពន្ធល្អបំផុតក្នុងភូមិសាស្ត្រអាស៊ាន សម្រាប់សៀវភៅធ្វើម្ហូប និងបេតិកភណ្ឌ» នៅព្រឹត្តិការណ៍ ASEAN International Book Award ប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី។
យោងតាមគេហទំព័រក្រសួងកិច្ចការនារី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកស្រី រស់ រតនៈ បានទទួលពានរង្វាន់«អ្នកនិពន្ធល្អបំផុតក្នុងភូមិសាស្ត្រអាស៊ាន សម្រាប់សៀវភៅធ្វើម្ហូប និងបេតិកភណ្ឌ» ដែលនេះជាកិត្តិយសរបស់ប្រទេសកម្ពុជា ដោយបានផ្សព្វផ្សាយទៅកាន់ពិភពលោក អំពីការរីកចម្រើននិងភាពសម្បូរបែបនៃម្ហូបអាហារខ្មែរ។
បើតាមគេហទំព័រផ្ទាល់ខ្លួនរបស់ Chef Nak ពានរង្វាន់នេះត្រូវបានប្រគល់ដោយ លោក Tan Sri Dato' Sri Shamsul Azri bin Abu Bakar អគ្គលេខាធិការរដ្ឋាភិបាលម៉ាឡេស៊ី។ បន្ថែមពីនេះ លោកស្រី បានគូសបញ្ជាក់ថា «ជាកិត្តិយសនិងមោទនភាពយ៉ាងខ្លាំងរាល់ពេលដែលមានការទទួលស្គាល់នូវសមិទ្ធិផល ការខិតខំប្រឹងប្រែង និងដំណើររីកចម្រើនរបស់ម្ហូបខ្មែរនៅក្នុងតំបន់។»
គួរបញ្ជាក់ថា Chef Nak ត្រូវបានសាធារណជនស្គាល់ថា ជាចុងភៅមួយរូបដែលមានប្រជាប្រិយភាព និងមានឆន្ទៈក្នុងការលើកកម្ពស់ម្ហូបខ្មែរ តាមរយៈការចងក្រងជាសៀវភៅ ដែលអាចឱ្យបរទេសអាចឈ្វេងយល់ពីម្ហូបខ្មែរ៕