ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះសារ កោតសរសើរចំពោះស្មារតីសាមគ្គីភាព ដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស ក្នុងការការពារសន្តិភាព និងបូរណភាព ទឹកដី ប្រកបដោយសេចក្តីថ្លៃថ្នូរ អហិង្សា និងការអត់ធ្មត់ខ្ពស់ ស័ក្ដិសមជាប្រជាពលរដ្ឋនៃប្រទេស មួយដែលមានអរិយធម៌ខ្ពង់ខ្ពស់ វប្បធម៌ចំណាស់ និងមានសីលធម៌ល្អប្រពៃជាទីបំផុត ។ ព្រះរាជសារនេះធ្វើឡើង ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី ៧ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥។
ក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា រដ្ឋសភានីតិកាលទី៧ ទោះបីស្ថិតក្នុងវិស្សមកាលក៏ដោយ ក៏នៅរក្សាបាននូវប្រពៃណីរួបរួម សាមគ្គីជាធ្លុងមួយ ជាមួយប្រជាជាតិកម្ពុជាទាំងមូល ជាអាទិ៍រាជរដ្ឋាភិបាល ព្រមទាំងវីរៈកងទ័ពខេមរ- ភូមិន្ទកម្ពុជា ដែលដឹកនាំដោយ សម្តេច ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែត បង្កើតបានជាកម្លាំងសរុបយ៉ាងខ្លាំងមហិមា ធានាការពារបានដោយជោគជ័យ នូវបុព្វហេតុដ៏ថ្លៃថ្លានៃកម្ពុជា ។
ក្នុងអំឡុងចន្លោះសម័យប្រជុំកន្លងទៅនេះ រដ្ឋសភានីតិកាលទី៧ ដឹកនាំដោយ សម្តេចមហា រដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា បានដឹកនាំ និងបំពេញមុខងារ តួនាទីស្នូលរបស់រដ្ឋសភាយ៉ាង សកម្ម ដែលក្នុងនោះរួមមាន តួនាទីនីតិកម្ម តាមដានការអនុវត្តច្បាប់ និងភាពជាតំណាង ព្រមទាំងបានពង្រឹង និងលើកកម្ពស់ការងារការទូតសភាប្រកបដោយភាពបុសកម្ម ស្វាហាប់ និងមោះមុត ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា ហើយសម្រេចបានសមិទ្ធផលគួរ ជាទីមោទនៈ រួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍជាតិមាតុភូមិ ឈានឆ្ពោះទៅរកវឌ្ឍនភាពរីកចម្រើន ថ្កុំថ្កើងរុងរឿងជានិច្ចនិរន្តរ៍ ។
ទន្ទឹមគ្នានេះ ថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មការនានានៃរដ្ឋសភា និងសមាជិក សមាជិការដ្ឋសភា បានចុះបំពេញការងាររបស់ខ្លួនយ៉ាងសស្រាក់សស្រ័នៅតាមមណ្ឌលរាជធានីខេត្ត នៅទូទាំងបទស ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្ដែង អំពីវឌ្ឍនភាព បញ្ហាប្រឈម តម្រូវការ និងក្តីកង្វល់នានា របស់ ប្រជាពលរដ្ឋម្ចាស់ឆ្នោត ព្រមទាំងបានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរៈកងទ័ព ដែលកំពុង បំពេញបេសកកម្មប្រចាំការនៅសមរភូមិជួរមុខ និងប្រជារាស្ត្រដែលបានជម្លៀសចេញពីតំបន់ប្រឈម តាមព្រំដែនមកស្នាក់នៅទីសុវត្ថិភាព ។
ក្នុងឱកាសនេះផងដែរ ព្រះមហាក្សត្រ ទ្រង់បានផ្ញើសេចក្តីនឹករលឹកដល់វីរៈកងទ័ពដ៏អង់អាចក្លាហាន ដែលកំពុងបំពេញបេសកកម្មដ៏ឧត្ដុង្គឧត្តមដើម្បីការពារឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដី ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។
ព្រះមហាក្សត្រ បានថ្លែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំ ប្រកបដោយភាពវាងវៃ និង មនសិការស្នេហាជាតិដ៏ស្មោះសរបស់ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ និងគ្រប់គ្រងសភាពការណ៍របស់ប្រទេសជាតិដើម្បី ធានាបាននូវប្រក្រតីភាព និងបន្តការអភិវឌ្ឍ ហើយជានិច្ចកាលតែងនៅរួមសុខ រួមទុក្ខជាមួយប្រជា ពលរដ្ឋនូវគ្រប់កាលៈទេសៈ ជាពិសេសបេសកកម្មក្នុងការការពារអធិបតេយ្យ ឯករាជ្យ បូរណភាព ទឹកដី សិទ្ធិ សេរីភាព និងភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋគ្រប់រូបតាមរយៈ យន្តការការទូត និងច្បាប់ អន្តរជាតិ៕