Img 1426
Swift cc time

ក្រសួងអប់រំ ហាមឃាត់ការ«ទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេជ្ជ:ប៉ូវកម្លាំង»គ្រប់ប្រភេទ នៅក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណ: និង ឯកជន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងអប់រំ ហាមឃាត់ការ«ទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេជ្ជ:ប៉ូវកម្លាំង»គ្រប់ប្រភេទ នៅក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណ: និង ឯកជន ក្នុងគោលបំណងយកចិត្តទុកដាក់បន្ថែមលើសុខភាពសិស្ស ការបង្ការហានិភ័យនៃជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែមដែលកំពុងកើនឡើងនៅក្នុងចំណោមសិស្សានុសិស្សពាក់ព័ន្ធនឹងទម្លាប់ទួលទាន ចំណីអាហារ ភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំង។

យោងតាមសេចក្តីណែនាំនៃក្រសួងអប់រំ ចុះនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង បរិវេណគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន។ ក្នុងន័យនេះ មន្ទីរអប់រំ រាជធានី ខេត្ត ការិយាល័យអប់រំ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន ត្រូវអនុវត្តទៅតាមសេចក្តីណែនាំដែលបានចេញដោយក្រសួងអប់រំ។

បើតាមក្រសួងអប់រំ គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន ត្រូវអនុវត្តឱ្យបានម៉ឺងមាត់នូវបទប្បញ្ញត្តិនានា ដែលពាក់ព័ន្ធនឹងការលើកកម្ពស់សុវត្ថិភាព ចំណីអាហារនិងអាហារប្រកបដោយសុខភាព ដែលក្រសួងបានណែនាំ កន្លងមក។ ជាពិសេស ត្រូវដាក់បញ្ចូលបន្ថែមនៅក្នុងបទបញ្ជាផ្ទៃក្នុង ឬក្រមប្រតិបត្តិរបស់គ្រឹះស្ថានសិក្សាស្តីពីការ ហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងបរិវេណគ្រឹះស្ថានសិក្សា។

បន្ថែមពីនេះ ក្រសួងតម្រូវឱ្យផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការទទួលទានភេសជ្ជៈប៉ូវកម្លាំងឱ្យបានទូលំទូលាយ នៅពេល គោរពទង់ជាតិ កិច្ចប្រជុំ ឬកម្មវិធីប្រមូលផ្តុំផ្សេងៗរបស់គ្រឹះស្ថានសិក្សា និងត្រូវពិនិត្យតាមដានរាល់សកម្មភាពនៃការទទួលទាន ការចែកចាយ ការតាំងលក់ ការផ្សព្វផ្សាយ ពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅក្នុងបរិវេណគ្រឹះស្ថានសិក្សា ដើម្បីមាន វិធានការដោះស្រាយតាមស្ថានភាពជាក់ស្តែង បញ្ឈប់ភ្លាមៗនូវការទទួលទាន ការចែកចាយ ការតាំងលក់ ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការដកហូតភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅនឹង កន្លែង និងបញ្ឈប់កិច្ចសន្យាលក់ដូរក្នុងករណីរកឃើញជាក់ស្តែងនៅក្នុងបរិវេណគ្រឹះស្ថានសិក្សា៕


Khcct banner

អត្ថបទទាក់ទង