ដាកា៖ តុលាការនៅក្នុងប្រទេសបង់ក្លាដែសនៅរសៀលថ្ងៃទី ២៧ វិច្ឆិកា នេះបានសម្រេចកាត់ទោសលើអតីតនាយករដ្ឋមន្ត្រីចាស់របស់បង់ក្លាដែសគឺលោកស្រី Sheikh Hasina ឱ្យជាប់ពន្ធនាគារ ២១ ឆ្នាំពីបទពុករលួយ។ លោកស្រី Hasina ដែលកំពុងតែរត់ភៀសខ្លួននៅខាងក្រៅប្រទេសមានវ័យ ៧៨ ឆ្នាំ បច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសឥណ្ឌា ហើយបានប្រឆាំងនឹងបញ្ជារបស់តុលាការដែលឱ្យលោកស្រីត្រឡប់ទៅប្រទេសបង់ក្លាដែសវិញ។
យោងតាមការចេញផ្សាយដោយកាសែត CNA បានបញ្ជាក់ថាលោកស្រីត្រូវបានកាត់ទោសកំបាំងមុខកាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឱ្យព្យួរកពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ បន្ទាប់ពីបានបញ្ជាឱ្យមានការបង្ក្រាបដ៏សាហាវប្រឆាំងនឹងការបះបោរដែលដឹកនាំដោយនិស្សិតកាលពីឆ្នាំមុន។
ប៉ុន្តែមានសំណុំរឿងបីផ្សេងទៀតត្រូវបានប្តឹងប្រឆាំងនឹងអតីតមេដឹកនាំរូបនេះដោយគណៈកម្មការប្រឆាំងអំពើពុករលួយ ជុំវិញការរឹបអូសដីឡូត៍នៅក្នុងជាយក្រុងមួយនៃរដ្ឋធានីដាកាដែលជាសម្បត្តិរបស់រដ្ឋ។ ចៅក្រម Abdullah Al Mamun បានសម្រេចថា ការប្រព្រឹត្តរបស់លោកស្រី Hasina បង្ហាញពីផ្នត់គំនិតពុករលួយដែលអាងសិទ្ធិអំណាច និងរំលោភបំពានច្បាប់។
ក្រៅពីលោកស្រីផ្ទាល់កូនប្រុសរបស់លោកស្រី Hasina គឺលោក Sajeeb Wazed និងកូនស្រី Saima Wazed ដែលរស់នៅសហរដ្ឋអាម៉េរិក ដែលធ្លាប់បម្រើការជាមន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗប្រាំឆ្នាំ។
គួរកត់សម្គាល់ថាលោកស្រី Hasina បានភៀសខ្លួនចេញពីប្រទេសបង់ក្លាដែសដោយឧទ្ធម្ភាគចក្រកាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤ បន្ទាប់ពីការតវ៉ាដឹកនាំដោយនិស្សិតអស់រយៈពេលជាច្រើនសប្តាហ៍ប្រឆាំងនឹងការគ្រប់គ្រងផ្តាច់ការរបស់លោកស្រី និងគ្រួសារ។ បង់ក្លាដែសកំពុងតែស្នើសុំឥណ្ឌាឲ្យបញ្ជូនលោកស្រីវិលត្រឡប់ទៅប្រទេសវិញដើម្បីធ្វើការកាត់ទោស៕