ភ្នំពេញ៖ និស្សិត កែវ គ្រឹសស្នា អាយុ ២១ឆ្នាំ ជានិស្សិត មកពីរាជធានីភ្នំពេញ បានជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងគូរ«គំនូរកេសរកូល» សម្រាប់ទិវាកេសរកូលជាតិលើកទី៥ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបង្ហាញពី គំនូរ សម្រស់បុប្ផាកេសរកូលព្រៃ នៅលើទឹកដីបរវរកម្ពុជា។
ក្រសួងបរិស្ថាន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំវេទិកាកេសរកូលជាតិលើកទី៥ ក្រោមអធិបតីភាព លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីនានាភាព គុណតម្លៃ និងអត្ថប្រយោជន៍នៃប្រភេទកេសរកូលព្រៃ នៅក្នុងប្រព័ន្ធអេកូឡូស៊ី។ បន្ថែមពីនេះ កម្មវិធីមានរួមបញ្ចូលការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ។ ជាលទ្ធផល លោក កែវ គ្រឹសស្នា ជាយុវជនដែលមានវ័យ២១ឆ្នាំ ទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងគូរ«គំនូរកេសរកូល» សម្រាប់ទិវាកេសរកូលជាតិលើកទី៥។
បើតាមក្រសួងបរិស្ថាន ឆ្នាំ២០២៥នេះគឺជាលើកទី៥ហើយដែលក្រសួងបរិស្ថានបានរៀបចំវេទិកានេះឡើង ដែលឆ្នាំនេះមានការខុសប្លែកពីឆ្នាំកន្លងមក ដោយមិនត្រឹមតែមានការតាំងបង្ហាញពីប្រភេទកេសរកូលព្រៃ កេសរកូលបង្កាត់ ប្រភេទប្រទាល និងរុក្ខជាតិលម្អ រួមទាំងផលិតផលជីវៈចម្រុះជាច្រើនផ្សេងទៀត ប៉ុណ្ណោះទេ តែក៏មានការប្រកួតប្រជែងការគូរគំនូរកេសរកូលព្រៃកម្ពុជា និងតាំងបង្ហាញស្នាដៃគំនូរកេសរកូលផងដែរ ដោយបានផ្សារភ្ជាប់ការអភិរក្សនិងការផ្សព្វផ្សាយពីកេសរកូលតាមរយៈសិល្បៈ សំដៅបណ្តុះស្មារតី និងលើកកម្ពស់ការស្រលាញ់កេសរកូលព្រៃ ការចូលរួមអភិរក្សជីវៈចម្រុះពីគ្រប់ភាគីពាក់ព័ន្ធ។
ក្រសួងមានបំណងចង់ឱ្យយុវជនងាកមកចាប់អារម្មណ៍ ពីនានាភាពនៃប្រភេទកេសរកូលព្រៃដ៏សម្បូរបែបរបស់កម្ពុជាយើងដែលមានតម្លៃ និងសារៈប្រយោជន៍ជាច្រើនចំពោះប្រព័ន្ធអេកូឡូស៊ី ប្រជាសហគមន៍ និងសេដ្ឋកិច្ចជាតិ ដែលជាខ្លឹមសារនៃប្រធានបទរបស់វេទិកាកេសរកូលជាតិនាឆ្នាំនេះ ហើយក្រសួងបរិស្ថាននឹងត្រៀមរៀបចំវេទិកានេះជារៀងរាល់ឆ្នាំបន្តទៀតជាមួយនឹងសកម្មភាពថ្មីៗបន្តទៀត៕