អាម៉េរិក៖ ឆ្មាំជាតិស្ថិតក្នុងសមាជិកកងអង្គរក្សដែលយាមកាមនៅសេតវិមានរបស់សហរដ្ឋអាម៉េរិកចំនួនពីរនាក់ត្រូវបានខ្មាន់កាំភ្លើងបើកការបាញ់ប្រហារព្យាយាមផ្តាច់ជីវិតរបស់ជនរងគ្រោះទាំងពីរនាក់នៅក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីរសៀលថ្ងៃពុធ។ ភ្លាមៗក្រោយពីការបាញ់ប្រហារកងអង្គរក្សជាតិទាំងពីរនាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរនិងត្រូវបានបញ្ជូនទៅកាន់កន្លែងសង្រ្គោះបន្ទាន់ភ្លាមៗ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាម៉េរិកប៉ូលីសបានអះអាងថា ជនសង្ស័យតែម្នាក់គត់បានបើកការបាញ់ប្រហារលើសមាជិកកងអង្គរក្សជាតិពីរនាក់មកពីរដ្ឋ West Virginia នៅរសៀលថ្ងៃពុធ មុនពេលត្រូវបានបង្ក្រាបដោយកងអង្គរក្សជាតិផ្សេងទៀតនៅក្បែរកន្លែងផ្ទុះអាវុធនៅសេតវិមាន។ អាជ្ញាធរបានកំណត់អត្តសញ្ញាណជនសង្ស័យដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីការបាញ់ប្រហារលើកងអង្គរក្សទាំងពីថាជាជនជាតិអាហ្វហ្គានីស្ថានម្នាក់ឈ្មោះ Rahmanullah Lakanwal ដែលបានចូលមកសហរដ្ឋអាម៉េរិកតាមរយៈកម្មវិធីពិសេសរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក។
របាយការណ៍បឋមបានបង្ហាញថា លោក Lakanwal ធ្លាប់ជា សមាជិកនៃកងទ័ពជាតិអាហ្វហ្គានីស្ថាន (Afghan National Army) ហើយធ្លាប់បានបម្រើការងារ រួមជាមួយនឹងកងទ័ពសហរដ្ឋអាម៉េរិក មុនពេលការដកទ័ពរបស់សហរដ្ឋអាម៉េរិកពីប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំ ២០២១។
នាយកដ្ឋានសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (DHS) បានបញ្ជាក់ថា Rahmanullah Lakanwal ដែលជាជនជាតិអាហ្វហ្គានីស្ថាន បានចូលមកសហរដ្ឋអាមេរិកក្នុងខែកញ្ញា ឆ្នាំ ២០២១ ក្រោមកម្មវិធី Operation Allies Welcome (OAW) ដែលជាកម្មវិធីរបស់រដ្ឋបាលអតីតប្រធានាធិបតី Biden សម្រាប់ជួយជនជាតិអាហ្វហ្គានីស្ថានដែលប្រឈមនឹងហានិភ័យបន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។
ជាការឆ្លើយតបប្រធានាធិបតី ដូណាល់ត្រាំ បានថ្កោលទោសចំពោះការបាញ់ប្រហារនេះ ដោយហៅវាថាជា "អំពើភេរវកម្ម លោកបានបញ្ជាឲ្យមានការដាក់ពង្រាយទ័ពបន្ថែម ៥០០ នាក់ទៀត ទៅកាន់ទីក្រុងវ៉ាស៊ីនតោនដើម្បីល្បាតតាមដងផ្លូវ និងពង្រឹងសន្តិសុខ។ លោកត្រាំសន្យាថា រដ្ឋបាលរបស់លោកនឹងធានាថា ជនសង្ស័យនិង «បង់ថ្លៃដ៏ខ្ពស់បំផុត» សម្រាប់ «ទង្វើអាក្រក់ ទង្វើស្អប់ខ្ពើម និងទង្វើភេរវកម្ម»របស់ខ្លួនដែលបានធ្វើ។ លោកបានព្រមានទៀតថាចាប់ពីពេលឥឡូវនេះ អាម៉េរិកនិងពិនិត្យឡើងវិញនូវជនបរទេសគ្រប់រូប ដែលបានចូលប្រទេសរបស់យើងពីប្រទេសអាហ្វហ្គានីស្ថាន ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី ចូ បៃដិន។