Img 1426
Swift cc time

កម្ពុជាសម្រេចដកខ្លួន ៨ប្រភេទកីឡាចេញពីស៊ីហ្គេមនៅថៃ ដើម្បីធានាសុវត្ថិភាពអត្តពលិក និងមន្ត្រី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រកាសជូនដំណឹងស្តីពីការដកចេញមិនចូលរួមប្រកួត ៨ប្រភេទកីឡា ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ដែលនឹងធ្វើឡើងពីថ្ងៃទី០៩-២០ ខែធ្នូ ឆ្នាំ២០២៥ ក្នុងចំណោម២១ប្រភេទកីឡា ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាពសំខាន់ៗ ដែលបង្កបញ្ហាប្រឈមក្នុងការធានាសុវត្ថិភាព និងការការពារអត្តពលិក និងមន្ត្រី។

យោងតាម NOCC បានបញ្ជាក់ថា ដោយសារការគិតគូរខ្ពស់ពីសុវត្ថិភាពកីឡាករ និងកីឡាការិនីជាអាទិភាពចម្បងបំផុត និងធានាបានការចូលរួមប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ពិសេសទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតពីប្រមុខរាជរដ្ឋាភិបាល បានសម្រេចជាចុងក្រោយកាត់បន្ថយហានិភ័យជាអតិប្បរមា ដោយរៀបចំកាត់បន្ថយចំនួនប្រភេទកីឡា ដែលប្រកួតនៅសុងក្លា តំបន់ទឹកជំនន់ចេញ និងកីឡាមួយចំនួនទៀត។ បច្ចុប្បន្នប្រតិភូកីឡាកម្ពុជាសរុបមានចំនួនតែ ១៥០នាក់ ក្នុង១៣ប្រភេទកីឡាតែប៉ុណ្ណោះ។ នេះជាស្មារតីបុរេសកម្ម និងការសម្រេចចិត្តដ៏លំបាករបស់ថ្នាក់ដឹកនាំ ដើម្បីធានាឱ្យមានការចូលរួមផង និងធានាសុវត្ថិភាពខ្ពង់ដល់ប្រតិភូកីឡាកម្ពុជាផង។

គួរបញ្ជាក់ថា ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល NOCC និងក្រសួងអប់រំ បានប្រកាសត្រៀមបញ្ជូនប្រតិភូកីឡាសរុប ៣៣៣នាក់ លើ ២១កីឡាចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣។ ប៉ុន្ដែ ក្រោយការសម្រេចចិត្តចុងក្រោយ ដើម្បីធានាបាននូវសុវត្ថិភាព និងកាត់បន្ថយហានិភ័ជាអតិប្បរមាកីឡា ៨ប្រភេទត្រូវបានកាត់ចេញ រួមមាន បាល់ទាត់(បុរស និង នារី), យូដូ, ការ៉ាតេ, បញ្ចសីលា, ប៉េតង់, ចំបាប់, វូស៊ូ និង សីដក់។

ចំពោះប្រភេទកីឡានៅសល់ ១៣ប្រភេទ ដែលរក្សា និងត្រៀមបញ្ជូនទៅចូលរួម គឺមានកីឡាហែលទឹក, អត្តពលកម្ម, គុនដាវ, បាល់ទះ, កាយសម្ព័ន, ជឺជីតស៊ូ, កីឡាអេឡិចត្រូនិក, ឃីកបុកស៊ី, តេក្វាន់ដូ WT, ជិះសេះ, ម៉ូតូទឹក, ទ្រីយ៉ាត្លុង និងទាត់បាល់លើតុ៕

Khcct banner

អត្ថបទទាក់ទង