ភ្នំពេញ៖ អ៊ីស្រាអែលបន្តផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរ ដើម្បីពង្រឹងកិច្ចសហការណ៍លើវិស័យអប់រំជាមួយកម្ពុជា និងអញ្ជើញកម្ពុជាឱ្យចូលរួមក្នុងសន្និសីទអន្តរជាតិនាពេលខាងមុខស្តីពីការអប់រំ នវានុវត្តន៍ និង AI នៅប្រទេសអ៊ីស្រាអែល ដែលគ្រោងធ្វើនៅខែកុម្ភៈ ឆ្នាំ២០២៦។ នេះបើតាមលទ្ធផលជំនួបរវាង លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ ជាមួយ Alona Fisher-Kam ឯកអគ្គរដ្ឋទូត នៃរដ្ឋអ៊ីស្រាអែលប្រចាំនៅកម្ពុជា។
លោកស្រី Alona Fisher-Kam ឯកអគ្គរដ្ឋទូត នៃរដ្ឋអ៊ីស្រាអែលប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ដោយផ្ដោតសំខាន់ទៅលើការបន្ដពង្រឹងកិច្ចសហការណ៍រវាងប្រទេសទាំងពីរទៅលើវិស័យអប់រំ រួមទាំងការផ្ដល់អាហារូបករណ៍ដល់និស្សិតទៅរៀននៅប្រទេសអ៊ីស្រាអែល។ ក្រៅពីការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា អ៊ីស្រាអែលបានអញ្ជើញកម្ពុជាឱ្យចូលរួមក្នុងសន្និសីទអន្តរជាតិនាពេលខាងមុខស្តីពីការអប់រំ នវានុវត្តន៍ និង AI នៅប្រទេសអ៊ីស្រាអែល ដែលគ្រោងធ្វើនៅខែកុម្ភៈ ឆ្នាំ២០២៦។
ក្រសួងអប់រំ សង្ឃឹមយ៉ាងមុតមាំថាប្រទេសទាំងពីរនឹងបន្ដលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យអប់រំឱ្យកាន់តែមានភាពរីកចម្រើន៕