ភ្នំពេញ៖ ចាប់ពីឆ្នាំសិក្សា ២០២០ ដល់ ២០២៦ និស្សិតកម្ពុជាចំនួន ៣៤៧ នាក់ បានអាហារូបករណ៍សិក្សានៅបារាំង តាមរយៈអាហារូបករណ៍ France Excellence និងអាហារូបករណ៍ Eiffel ។ នេះបើតាម លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ លើកឡើងក្នុងឱកាស“ទិវាគ្រូបង្រៀនភាសាបារាំងអន្តរជាតិ”។
យោងតាមគេហទំព័រក្រសួងអប់រំ ក្នុងឱកាស“ទិវាគ្រូបង្រៀនភាសាបារាំងអន្តរជាតិ” បានឱ្យដឹងថា តាមរយៈអាហារូបករណ៍ France Excellence និស្សិតកម្ពុជាចំនួន ៣៤៧ នាក់ (រួមទាំងអ្នកទទួលអាហារូបករណ៍ Eiffel ៥០ នាក់) ទទួលបានអត្ថប្រយោជន៍ចន្លោះឆ្នាំ ២០២០ និង ២០២៦ ពីឱកាសក្នុងការអប់រំកម្រិតខ្ពស់នៅប្រទេសបារាំង។
“ទិវាគ្រូបង្រៀនភាសាបារាំងអន្តរជាតិ” ត្រូវបានប្រារព្ធឡើងនៅស្ថានទូតបារាំងប្រចាំនៅកម្ពុជា ដែលធ្វើឡើងដើម្បីអបអរទិវាអន្តរជាតិនៃគ្រូបង្រៀនភាសាបារាំង ដែលជាតួអង្គលើកស្ទួយកិត្យានុភាពភាសាបារាំងលើពិភពលោក។ ប្រធានបទដែលត្រូវបានជ្រើសរើសនៅឆ្នាំនេះគឺ «ច្រៀង លេង បង្រៀន៖ ហ្រ្វង់កូហ្វូនីរណ្ដំដូចតន្រ្ដី» ដែលឆ្លុះបញ្ចាំងអំពីការពិតនៃថ្នាក់រៀនរបស់យើង និងស្មារតីដែលយើងចង់បណ្តុះបណ្ដាលក្នុងការអប់រំ។
គួររម្លឹកថា កម្ពុជានឹងក្លាយជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល Francophonie នៅឆ្នាំ ២០២៦ ខាងមុខនេះ។ រដ្ឋមន្រ្តីក្រសួងអប់រំ បានបន្ថែមទៀតថា លោកគ្រូ អ្នកគ្រូគឺជាស្ថាបត្យករដែលបង្កើតអនាគតភាសាបារាំងរបស់ប្រទេសកម្ពុជាក្នុងការរៀបចំសម្រាប់កិច្ចប្រជុំកំពូលឆ្នាំ ២០២៦៕