681 ezgif.com resize
Swift cc time

អគារ៤ខ្នងនៅហុងកុងត្រូវបានភ្លើងលេបត្របាក់ បណ្តាលឲ្យមនុស្សស្លាប់កើនដល់៤៤នាក់ និង២៧៩នាក់បន្តបាត់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ចិន៖ ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះអគារប្រមាណ ៤ ខ្នងជាប់ៗគ្នានៅទីក្រុងហុងកុង បានបណ្តាលឲ្យកើនឡើងដល់ ៤៤ នាក់ និងមានប្រមាណ ២៧៩ នាក់ទៀតកំពុងតែបន្តបាត់ខ្លួន និង ជាប់គាំងនៅក្នុងអគារឆាបឆេះ។ អណ្តាតភ្លើង បានផ្តើមឆាបឆេះអគារដែលកំពុងតែសាងសង់ក្នុងតំបន់ អចលនទ្រព្យ Tai Po កាលពីល្ងាចម៉ោងប្រមាណ ២ រសៀលកាលពីថ្ងៃពុធម្សិលមិញនេះ ដោយអណ្តាតភ្លើងបន្តរីករាលដាលយ៉ាងលឿនរហ័សដែលបង្កជាភាពលំបាកដល់មន្រ្តីជំនាញក្នុងការពន្លត់ភ្លើង។

យោងតាមសេចក្តីរាយការណ៍របស់កាសែតចិន South China Morning Post បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី ២៧ ខែ វិច្ឆិកានេះចំនួនអ្នកស្លាប់បានកើនដល់ ៤៤នាក់ និងបាត់ខ្លួន ២៧៩នាក់ ខណៈជនសង្ស័យ ៣នាក់ត្រូវបានចាប់ខ្លួនពីបទសង្ស័យលួចដុត និងបង្កការឆាបឆេះដល់អគារ។ អាជ្ញាធរហុងកុងបានសន្យាថានឹងបើកការស៊ើបអង្កេត រួមទាំងការស៊ើបអង្កេតព្រហ្មទណ្ឌ ចំពោះអគ្គីភ័យដ៏សាហាវមិនធ្លាប់មានមួយនេះ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៤នាក់ និងបណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួស និង ៤៥នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

គិតត្រឹមព្រឹកនេះអគ្គីភ័យនៅអគារចំនួន ៤ ក្នុងចំណោមអគារទាំងប្រាំពីរត្រូវបានគ្រប់គ្រង។ ការងារជួយសង្គ្រោះទ្រង់ទ្រាយធំកំពុងបន្ត ហើយជនរងគ្រោះនៅតែត្រូវបានជួយស្រង់ចេញពីអគារ ដោយមានមនុស្សបីនាក់ និងទីប្រឹក្សារបស់អ្នកម៉ៅការជួសជុលអគារ ត្រូវបានចាប់ខ្លួនពីបទធ្វេសប្រហែសធ្ងន់ធ្ងរ។ ពួកគេត្រូវបានចោទប្រកាន់ថាបានប្រើប្រាស់សម្ភារៈមិនអនុលោមតាមច្បាប់ ដែលនាំឱ្យមានហេតុការណ៍នេះ និងបណ្តាលឱ្យអគ្គីភ័យរាលដាលយ៉ាងឆាប់រហ័ស។

ជាការឆ្លើយតបលោកប្រធានាធិបតី ស៊ី ជីនពីង បានសម្តែងការចូលរួមរំលែកទុក្ខនៅក្នុងសេចក្តីថ្លែងការណ៍ ហើយលោកបានអំពាវនាវឱ្យមាន "កិច្ចខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង" ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសនៅក្នុងមន្ទីរពេទ្យ។

គួរកត់សម្គាល់ថាអគ្គីភ័យនេះត្រូវបានរាយការណ៍ជាលើកដំបូងនៅម៉ោងប្រមាណ ២:៥១ រសៀលថ្ងៃពុធ ហើយមិនយូរប៉ុន្មានក៏បានក្លាយជាអគ្គីភ័យដ៏សន្ធោសន្ធៅ ជាមួយនឹងផ្សែងខ្មៅដ៏ធំហុយឡើងខ្ពស់ទៅលើមេឃនៅកន្លែងកើតហេតុនៅបុរី Wang Fuk Court ហើយអណ្តាតភ្លើងបានរាលដាលយ៉ាងឆាប់រហ័សដល់អគារសរុបចំនួនប្រាំពីរ៕

Khcct banner

អត្ថបទទាក់ទង