681 ezgif.com resize
Swift cc time

ក្រសួងអប់រំ៖ គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅត្រូវរៀបចំកាលវិភាគបង្រៀនឱ្យបានយ៉ាងតិច ៤០ម៉ោងសិក្សាក្នុងមួយសប្តាហ៍

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
រូបតំណាងពី៖ នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ

ភ្នំពេញ៖ ក្រសួងអប់រំ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅត្រូវរៀបចំកាលវិភាគបង្រៀនឱ្យបានយ៉ាងតិច ៤០ម៉ោងសិក្សាក្នុងមួយសប្តាហ៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់សហគមន៍ មាតាបិតា ឬ អ្នកអាណាព្យាបាល នាពេលបច្ចុប្បន្ន។ នេះបើតាម សេចក្តីណែនាំពី«ដំណើរការបង្រៀន និង រៀនពេញមួយថ្ងៃ សម្រាប់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ» ។ 

យោងតាមសេចក្តីណែនៃក្រសួងអប់រំ បានឱ្យដឹងថា ការរៀបចំឱ្យមានដំណើរការបង្រៀន និងរៀនពេញមួយថ្ងៃ ជាការឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់សហគមន៍ មាតាបិតា ឬ អ្នកអាណាព្យាបាល នាពេលបច្ចុប្បន្ន និងការបង្ហាញពីលទ្ធផលសិក្សារបស់សិស្សមានការរីកចម្រើនជាប្រចាំ ជាក់ស្តែង និងជឿទុកចិត្តបាន។ ដូចនេះ គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ ដែលមានធនធានគ្រប់គ្រាន់អាចដំណើរការកម្មវិធីបង្រៀន និងរៀនពេញមួយថ្ងៃ។ ការធ្វើឡើងនេះ គឺដើម្បីជាការលើកទឹកចិត្តឱ្យគណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀន ក្នុងការបង្កើនស្វ័យភាព គណនេយ្យភាព និងភាពជាអ្នក ដឹកនាំក្នុងការគ្រប់គ្រងសេវាអប់រំនៅកម្រិតសាលារៀន។

បើតាមប្រភពដដែល ពេលវេលារៀន និងបង្រៀន ក្រសួងអប់រំបានបញ្ជាក់ថាគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅត្រូវកំណត់ម៉ោងសិក្សាដោយពេលព្រឹកចូលម៉ោង ៧:០០ ចេញម៉ោង ១១:០០ និងរសៀលចូលម៉ោង ១៣:០០ ឬម៉ោង ១៤:០០ ចេញម៉ោង ១៦:០០ ឬម៉ោង ១៧:០០។គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅត្រូវរៀបចំកាលវិភាគបង្រៀនឱ្យបានយ៉ាងតិច ៤០ម៉ោងសិក្សាក្នុងមួយសប្តាហ៍ដែល ១ម៉ោងសិក្សាមានរយៈពេល ៥០នាទី និងលម្អិតទៅតាមកម្រិតថ្នាក់ និងមុខវិជ្ជា។

បន្ថែមពីនេះ ក្រសួងអប់រំ បានណែនាំឱ្យ មន្ទីរអប់រំ ខេត្ត និងការិយាល័យអប់រំ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌសម្របសម្រួលការចូលរួមគាំទ្រពីអាជ្ញាធរមូលដ្ឋាន សហគមន៍ មាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងគ្រូបង្រៀនព្រមទាំងកៀរគរធនធាននានាក្នុងកិច្ចដំណើរការសាលារៀនឱ្យមានប្រសិទ្ធភាព៕


Khcct banner

អត្ថបទទាក់ទង