ភ្នំពេញ៖ ក្រសួងអប់រំ រៀបចំការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បណ្ឌិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ សរុបចំនួន ៧៥នាក់ ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ មុខជំនាញសិក្សាមាន វិទ្យាសាស្ត្រ វិស្វកម្ម សេដ្ឋកិច្ច ការគ្រប់គ្រងពាណិជ្ជកម្ម វេជ្ជសាស្ត្រ ព័ត៌មានវិទ្យា និងផ្សេងៗទៀត។
យោងតាមគេហទំព័រក្រសួងអប់រំ បានឱ្យដឹងថា សោហ៊ុយធ្វើដំណើរទៅមក កម្ពុជា-ចិន-កម្ពុជា ជាបន្ទុករបស់សាមីជន រីឯការចំណាយផ្សេងៗ ដូចជា៖ ការស្នាក់នៅ ការសិក្សា និងប្រាក់អាហារូបករណ៍ ជាបន្ទុករបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន។ លក្ខខណ្ឌ នៃការចុះឈ្មោះជាបេក្ខជន គឺអាស្រ័យទៅលើកម្រិតដែលនិស្សិតដាក់ពាក្យ។ ចំពោះថ្នាក់បណ្ឌិត បេក្ខជនត្រូវមាន សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ (Master) អាយុយ៉ាងច្រើន ៤០ឆ្នាំ ចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ។ ចំណែកឯ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បេក្ខជនទាំងពីរភេទត្រូវមាន សញ្ញាបត្របរិញ្ញាបត្រ (Bachelor) អាយុយ៉ាងច្រើន ៣៥ឆ្នាំ មានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ ។ ថ្នាក់បរិញ្ញាបត្រ បេក្ខជន ត្រូវមាន សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃសមមូល មានអាយុក្រោម ២៥ឆ្នាំ និងមានលិខិតបញ្ជាក់ពីកម្រិត China Scholastic Competency Assessment (CSCA)។ បេក្ខជនដែលមានបំណងចុះឈ្មោះធ្វើតេស្ត CSCA នេះ ត្រូវចូលទៅកាន់ website: www.csca.cn. ហើយកាលបរិច្ឆេទតេស្តនេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥។
បើតាមប្រភពដដែល ពាក្យសុំប្រឡង នឹងចាប់ទទួលពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៦ម៉០០នាទី នៅនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន នៃក្រសួងអប់រំ យុវជន និងកីឡា ដែលមានអាសយដ្ឋាន៖ អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង (ខាងកើតស្ថានីយ ទូរទស្សន៍អប្សរា ចម្ងាយប្រហែល ៥០ម៉ែត្រ)។ ការប្រឡងនឹងប្រព្រឹត្តទៅនាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦។
វិញ្ញាសាប្រឡងសម្រាប់ថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ រួមមានភាសាអង់គ្លេស និងវប្បធម៌ទូទៅ។ ចំណែកឯ សម្រាប់ថ្នាក់បរិញ្ញាបត្ររួមមាន គណិតវិទ្យា និងវប្បធម៌ទូទៅ។
គួរបញ្ជាក់ថា ក្រសួងនឹងជ្រើសរើសបេក្ខជនថ្នាក់បណ្ឌិត ចំនួន ៥នាក់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៣០នាក់ និងថ្នាក់បរិញ្ញាបត្រ ចំនួន ៤០នាក់ បញ្ជូនទៅឱ្យស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តនីតិវិធី និងសម្រេចចុងក្រោយ។ ចំពោះព័ត៌មានលម្អិតបន្ថែមទៀត សូមបេក្ខជនអញ្ជើញទាក់ទងដោយផ្ទាល់ នៅនាយកដ្ឋានសហប្រតិបត្តិការ អន្តរជាតិ និងកិច្ចការអាស៊ាន នៃក្រសួងអប់រំ យុវជន និងកីឡា តាមអាសយដ្ឋានខាងលើ ឬតាមរយៈទូរស័ព្ទលេខ ០៩៨ ៩៨៩ ៧៨៩ រៀងរាល់ម៉ោងធ្វើការ៕