ភ្នំពេញ៖ និស្សិតបីក្រុម បានជ័យលាភីក្នុង«កម្មវិធីពានរង្វាន់តេជោសែនបញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ» (Techo Sen - AI for Education Competition) ដែលជាកម្មវិធីមួយក្នុង សន្និសីទជាតិស្តីពី AI សម្រាប់ការអប់រំលើកទី១ ឆ្នាំ២០២៥។ ក្រុមជ័យលាភីលេខ ១ គឺក្រុម Pose-UP ក្រុមជ័យលាភីលេខ ២ គឺក្រុម Anachak Cyb3r និងក្រុមជ័យលាភីលេខ ៣ គឺក្រុម Dermis។
យោងតាមគេហទំព័រនៃ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានឱ្យដឹងថា ការប្រារព្ធពិធីប្រកាសជ័យលាភី ដើម្បីអបអរសាទរសមត្ថភាពច្នៃប្រឌិតរបស់យុវជន និងអាចឈានទៅរកការផ្លាស់ប្ដូរដែលមានឥទ្ធិពលសម្រាប់វិស័យអប់រំជាតិ ដោយប្រើប្រាស់ បញ្ញាសិប្បនិមិត្ត (AI)។ការប្រកួតប្រជែងនេះ ត្រូវបានផ្តួចផ្តើមដោយក្រុមសាកលវិទ្យាធិការកម្ពុជា (RCC) រៀបចំឡើងដោយ ក្រសួងអប់រំ សហការជាមួយ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។
បើតាមប្រភពដដែល ក្រុមជ័យលាភី ត្រូវបានវាយតម្លៃយ៉ាងហ្មត់ចត់ដោយគណៈកម្មាធិការវិនិច្ឆ័យ។ ជាលទ្ធផល ក្រុមជ័យលាភីលេខ ១ គឺក្រុម Pose-UP ក្រុមជ័យលាភីលេខ ២ គឺក្រុម Anachak Cyb3r និងក្រុមជ័យលាភីលេខ ៣ គឺក្រុម Dermis។ លើសពីនេះ កម្មវិធីក៏មាន ពានរង្វាន់ប្រជាប្រិយភាព ចំនួន ២ ផងដែរ គឺក្រុម TEEGeneral និងក្រុម The Clique។
គួរបញ្ជាក់ថា កម្មវិធីប្រកួតនេះ ជាផ្នែកស្នូលមួយនៃ សន្និសីទជាតិស្តីពី AI សម្រាប់ការអប់រំលើកទី១ ឆ្នាំ២០២៥ ដែលកម្មវិធីប្រកួតប្រជែងនេះមានការចូលរួមពីនិស្សិតសាកលវិទ្យាល័យ ដែលមានអាយុចន្លោះពី ១៨ ដល់ ២៤ ឆ្នាំ មកពីបណ្ដាខេត្តនានាទូទាំងប្រទេសកម្ពុជា មកប្រកួតប្រជែងតាមរយៈការបង្ហាត់បង្ហាញពង្រឹងនូវជំនាញ AI ការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យអប់រំ និងធ្វើការបង្ហាញដំណោះស្រាយរបស់ពួកគេជូនដល់ថ្នាក់ដឹកនាំជាតិ៕