ភ្នំពេញ៖ យុវជនកម្ពុជាពីររូបនឹងចូលរួមសិក្ខាសាលា អាស៊ាន-អូស្រ្តាលីប្រឆាំងភេរវកម្ម (ASEAN-Australia Counter Terrorism Workshop 2025) នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី ២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ឧត្ដមានុវត្តដើម្បីលើកកម្ពស់សិទ្ធិអំណាច និងលើកកម្ពស់សមត្ថភាពយុវជនក្នុងការទប់ស្កាត់ការរីករាលដាលនៃអំពើហិង្សានិយម»។ គណៈប្រតិភូយុវជនកម្ពុជា ទាំងពីររូបត្រូវបានដឹកនាំដោយ លោកស្រី ទេព ស៊ីណាត អគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជន។
យោងតាមគេហទំព័រនៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ បានឱ្យដឹងថា គណៈប្រតិភូយុវជនទាំងពីររូបរួមមាន កញ្ញា ជឹម ឆាយលី ជាសិស្សមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងលោក យ៉ត ណងវ៉ាណាន់ ជាសិស្សមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។
សិក្ខាសាលាស្តីពីការប្រឆាំងអំពើភេរវកម្មអាស៊ាន-អូស្ត្រាលី (ASEAN-Australia Counter Terrorism) ផ្តោតលើវិធីសាស្រ្តអនុវត្តល្អ ក្នុងការផ្តល់សិទ្ធិអំណាចដល់យុវជន និងពង្រឹងសមត្ថភាពរបស់ពួកគេ ក្នុងការទប់ស្កាត់ការកើនឡើងនៃអំពើហឹង្សាជ្រុលនិយម។ កម្មវិធីនឹងពង្រឹងភាពអង់អាចយុវជន ដើម្បីទទួលបានចំណេះដឹង ជំនាញ និងតម្លៃ ពង្រឹងតួនាទីរបស់ពួកគេជាដៃគូក្នុងការលើកកម្ពស់សន្តិភាព និងសន្តិសុខ។
គួរបញ្ជាក់ថា គណៈប្រតិភូយុវជនកម្ពុជា ដឹកនាំដោយ លោកស្រី ទេព ស៊ីណាត អគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជន នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានធ្វើដំណើរចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ឆ្ពោះទៅកាន់ទីកោះបាលី ដើម្បីចូលរួមកម្មវិធីនេះ ចាប់ពីថ្ងៃទី ២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅ Bali សាធារណរដ្ឋឥណ្ឌូណេស៊ី៕